(ភ្នំពេញ)៖ គណៈប្រតិភូសង្ឈខណ្ឌឬស្សីកែវ ដឹកនាំដោយព្រះតេជគុណ ព្រះមង្គលរក្ខិតបណ្ឌិត សុវណ្ណជោតិ ខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិ នគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះអនគណខណ្ឌឫស្សីកែវ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ រួមជាមួយ លោកស្រី ទូច សារុំ ប្រធានក្រុមការងារពង្រឹងសាសនារាជធានីភ្នំពេញ និងលោកស្រី អាន ផល្លា ប្រធានសមាគមន៍នារីខណ្ឌឬស្សីកែវ ព្រមទាំងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថវិកាចំនួនមកប្រគល់ជូនដល់មជ្ឈមណ្ឌលឱកាសខ្ញុំ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោកស្រី មុំ ចាន់ដានី អនុប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានលើកឡើងថា ដោយពិនិត្យឃើញថា មានយុវជន យុវនារីមួយចំនួនកំពុងរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀន ដែលឈានទៅដល់ការប្រើអំពើហិង្សា បង្កគ្រោះថ្នាក់ចរាចរណ៍ បង្កអសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសារធារណៈ បង្កការភ័យខ្លាចដល់ក្រុមគ្រោះគ្រួសារ សហគមន៍ និងសង្គមជាតិ។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងជួយដល់យុវជន យុវនារី ដែលកំពុងរងគ្រោះពីការប្រើប្រាស់គ្រឿងញៀន បានបង្កើត មជ្ឈមណ្ឌលនេះឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៦ ដែលមានផ្ទៃដី២៨,០០០ម៉ែត្រការ៉េ។
លោកស្រី មុំ ចាន់ដានី បានអានរបាយការណ៍សង្ខេបស្តីពីការងារទទួលព្យាបាល ស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនកន្លងមកចាប់ពីឆ្នាំ២០០៦ ដល់២០១៦ មានចំនួន១៣,៥៣២នាក់ ស្រី៦៨៩នាក់។ ដោយឡែកក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ឆ្នាំ២០១៧ គឺទទួលបានជនរងគ្រោះ ដោយសារធាតុញៀនចំនួន១,៨៦៩នាក់ ស្រី១៤៩នាក់ (ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០១៧ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧) សរុប១១ឆ្នាំ បានចំនួន១៥,៤០១នាក់ ស្រី៨៣៨នាក់។ សមាហរណកម្មអ្នកជាសះស្បើយទៅសហគមន៍ចំនួន១៣,៧២៣នាក់ ស្រី៧០៨នាក់ កំពុងស្នាក់នៅបច្ចុប្បន្នចំនួន១,៦៧៨នាក់ ស្រី១៣០នាក់ គិតត្រឹមថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០១៧ និងកំពុងបណ្តុះបណ្តាបណ្តាលវិជ្ជាជីវៈចំនួន៦៨នាក់ ស្រី៣៤នាក់។
នាឱកាសនោះដែរ ព្រះតេជគុណ ព្រះមង្គលរក្ខិត សុវណ្ណជោតិបណ្ឌិត ខឹម សម្បត្តិ មានសង្ឃដីការនិងផ្តល់ឱវាទ និងទេសនាផងដែរដើម្បី អប់រំធម៌ ដល់ជនរងគ្រោះដែលប្រើប្រាស់គ្រឿងញៀន កំពុងស្នាក់នៅទទួលសេវាព្យាបាល ស្តារនីតិសម្បទា ក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីឲ្យពួកគេទទួលបាននូវការអប់រំផ្លូវចិត្ត និងស្មារតី ជួយឲ្យពួកគេលែងវិលវល់ជាមួយគ្រឿងញៀន ហើយចុះបញ្ចប់ព្រះតេជគុណ បានប្រោះព្រម្មជយន្តោ ដល់ជនរងគ្រោះដោយគ្រឿងញៀនផងដែរ។
គណៈប្រតិភូខណ្ឌឬស្សីកែវ នាំមកប្រគល់ជូនដល់មជ្ឈមណ្ឌលឱកាសខ្ញុំ រួមមាន៖ អង្ករ១តោន មី១៦កេស ទឹកត្រី១៦យួរ ទឹកស៊ីអ៊ីវ១៦យួរ ត្រីខ១៦យួរ ស្ករស១៦គីឡូ ទឹកដោះគោ១៦កំប៉ុង ទឹកសុទ្ធ១៦កេស ទឹកក្រូច១៦កេស និងបច្ច័យ៣លានរៀន និងព្រះតេជគុណ ព្រះមង្គលរក្ខិត សុវណ្ណជោតិបណ្ឌិត ខឹម សម្បត្តិ បានឧបត្ថម្ភប្រាក់១ម៉ឺនរៀលដល់អនុរក្ស មជ្ឈមណ្ឌលឱកាសខ្ញុំ ចំនួន៧០នាក់ ដោយលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងភរិយា ក៏បានឧបត្ថម្ភ ១លានរៀលដល់មជ្ឈមណ្ឌលឱកាសខ្ញុំផងដែរ៕