(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរឥស្លាម ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីថ្លែងអំណរគុណ ដឹងគុណ ដល់បងប្អូនដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យទទួលបានជោគជ័យយ៉ាងខ្លាំង និងអាចកាន់កាប់តំណែងជាមេឃុំ។
យោងតាមលទ្ធផលបោះឆ្នោតបឋមរបស់ គ.ជ.ប បានបង្ហាញថា សម្រាប់ឃុំពពេល គណបក្សប្រជាជនកម្ពុជាបានទទួល ចំនួន៣៣៨៥សំឡេង ខណៈគណបក្សសង្គ្រោះជាតិទទួលបាន១២៩៦សំឡេង ពោលគណបក្សប្រជាជនលើស ចំនួន២០៨៩សំឡេង។
ជាមួយគ្នានោះ លោកតំណាងរាស្រ្ត បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនដល់វិហារ៤ និងសារ៉ាវ៦ សម្រាប់បងប្អូនខ្មែរឥស្លាម ប្រើប្រាស់ ក្នុងរដូវរ៉ម៉ាឌននេះ។
បន្ថែមពីនេះ លោក កែវ ពិសិដ្ឋ បានឧបត្ថម្ភ អង្ករមួយការ៉ុង ថវិកា២០ម៉ឺនរៀល ដល់គ្រួសារសពបងប្អូនខ្មែរឥស្លាម នៅក្នុងមូលដ្ឋាននោះដែរ។
សូមបញ្ជាក់ថា តាមរបាយការណ៍បឋម ដែលទទួលបានឲ្យដឹងថា ស្រុកពញាក្រែក មាន៨ឃុំ មានគណបក្សនយោបាយ ឈរឈ្មោះចំនួន៧គណបក្ស និងមាន៨០អាសនៈ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន៦៧,៨៦៦នាក់ ក្នុងនោះគណបក្ស ប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៣៩,១០៥សំឡេង, គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រ ២៣,៥៩៩សំឡេង, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ១,៩០៥សំឡេង, គណបក្សបង្រួបបង្រួមជាតិ ទទួលបានសំលេងគាំទ្រ៦៣៦សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេង គាំទ្រ ៦៣១សំឡេង, គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេងគាំទ្រ៥២សំឡេង, និងគណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៣៣៩សំឡេង ក្នុងនោះ គណបក្សដែលបានជាប់ឆ្នោត មានគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៣អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន២៧អាសនៈ។