(ភ្នំពេញ)៖ ក្រោយពីការប្រជុំនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅថ្មីនេះ ក្រោមអធិបតីភាពលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាឲ្យមន្ដ្រីគយត្រូវតែបន្ដសកម្មភាពការងាររបស់ខ្លួន ក្នុងការបង្ក្រាបរាល់រថយន្ដទាំងឡាយណាដែលអត់បង់ពន្ធ។ ជាក់ស្ដែងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ កម្លាំងគយចល័តដឹកនាំដោយលោក ព្រាប ការ៉ាត់ បានបើកប្រតិបត្តិការចាប់​​រថយន្ត​​ទំនើបៗអត់ពន្ធ១០គ្រឿង នៅភូមិសាស្រ្ត តាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ នេះបើយោងតាមមន្រ្តីគយ​ចល័តថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

ការចុះចាប់រថយន្តស៊េរីទំនើបនេះ ធ្វើតាម​​ការចង្អុល​បង្ហាញពីលោក កើត សុធារ៉ា ប្រធាន​នាយកដ្ឋាន សហការជា​មួយកម្លាំ​ង​អាវុធហត្ថ​លើផ្ទៃប្រទេស។ មន្រ្តីគយចល័តបានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗ ដែលចាប់បានរួមមាន ម៉ាក BMW, Lexus, Camry, Mercedes។ ក្នុងនោះមានរថយន្ត Lexus 570 សេរីឆ្នាំ២០១៦-២០១៧ ចំនួន៤គ្រឿងផងដែរ។

លោក ព្រាប ការ៉ាត់ សូមអំពាវនាវឲ្យម្ចាស់រថយន្តទាំងអស់ ដែលមិនទាន់បង់ពន្ធ សូមមេត្តាចូលមកបង់ពន្ធជូនរដ្ឋ ដើម្បីជៀសវាងការចាប់ឃាត់រថយន្តដូច្នេះ។

ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនា​យកដ្ឋាន​ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់​ពន្ធពីសំណាក់កម្លាំង​គយចល័ត នឹងត្រូវធ្វើ​ឡើងជាប់ជានិច្ចដូចភ្លៀងរលឹម។

កម្លាំងគយចល័ត បានចុះប្រតិបត្តិ ចាប់ថយន្តស៊េរីទំនើបៗ ដែលអត់ពន្ធជាច្រើនគ្រឿងរួចមកហើយ កាលពីពេលកន្លងមក ហើយប្រត្តិបត្តិការនេះ ក៏ទទួលបានជោគជ័យជាបន្ត​បន្ទាប់​ផងដែរ៕