(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិត ថ្លែងអំណរព្រះរាជគុណ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គបានព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ៣,០០០ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី៣ ( ខែកក្កដា-កញ្ញា ឆ្នាំ២០១៧ ) ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីសោមន្សរីករាយ ក្រៃលែងដោយបានទទួលព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្ដម របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្រ្តី បុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ ជារៀងរាល់ត្រីមាសសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្ដមនេះ ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជួយសង្រ្គោះដល់ប្រជារាស្រ្តក្រីក្រ និងប្រជារាស្រ្តដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕