(ភ្នំពេញ)៖​ អ្នកនាង យ៉ុង ចាន់កណ្ណិកា ដែលទស្សនិកជនស្គាល់ថា ជា​តារាចម្រៀងផ្នែកមនោសញ្ចេតនា កម្សត់ ល្បីតាំងពីនៅកុមារភាពមកនោះ ​បានធ្វើការសហការ ជាមួយកូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ក្នុងគោលបំណង ជួយដល់អង្គការមួយ ដែលមានទិសដៅលើកកម្ពស់ វិស័យភាសាអង់គ្លេស​ដល់កុមារ ទីទ័លក្រ ជួបការលំបាក ខ្វះទីពឹង នៅកម្ពុជា។ ចំពោះសន្ដានចិត្តដ៏ល្អប្រពៃនេះ ទាំងកូនខ្មែរ និង តារាចម្រៀងមនោសញ្ចេតនា យ៉ុង ចាន់កណ្ណិកា ពិតជាមានសេចក្ដីសប្បាយ​រីករាយ រកអ្វីប្រៀ​បផ្ទឹមពុំបាន ដែលបានជួយចែករំលែកការងារល្អៗ ក្នុងសង្គមកម្ពុជាដែលត្រូវជំនួយ ក្នុងការអភិវឌ្ឍគ្រប់ផ្នែក ជាពិសេសនោះ គឺធនធានមនុស្ស។

កញ្ញា James Evans ដោយសារតែមានការស្រឡាញ់ រាប់អាន​ តារាច​ម្រៀង យ៉ុង ចាន់កណ្ណិកា នាងបានបញ្ចេញស្នាដៃ ក៏ដូចជាបង្ហាញនូវការបង្រៀន ផ្នែកភាសាអង់គ្លេស ជូនដល់កុមារខ្មែរនៅអង្គការខាងលើ ដោយជ្រើសរើសសុទ្ធតែជាគ្រូ មកពីទីក្រុងហុងកុង មានជំនាញល្អច្បាស់លាស់ មកចែករំលែង និងផ្ទេរចំណេះ​ ដឹងយ៉ាងគាប់ចិត្ត។

កញ្ញា James Evans មក​ពីសាកលវិទ្យាល័យ The Hong Kong Polytechnic University ដែលជាកូនខ្មែររស់នៅសហរដ្ឋអាមេរិក បានរៀបរាប់យ៉ាងច្បាស់ៗថា «នេះជាឆ្នាំទី៣​ ហើយ​ដែលកញ្ញាមកសាលាសហគមន៍ អេម៉ាញ៉ូអែល ដោយពាំនាំលោកគ្រូអ្នកគ្រូនិស្សិត មកពីហុងកុង ជួយចែករំលែកផ្នែក​ភាសាអង់គ្លេស ឲ្យមានគុណភាពជា​បន្តទៀត ជូនដល់ប្អូនៗកុមារទីទ័លក្រ នៅសហគមន៍ខាងលើនេះ ឲ្យមានការនិយាយភាសាបានល្អ ត្រូវតុងត្រូវផ្នត់ ដើម្បីឲ្យសិស្សកម្ពុជាយើង លូតលាស់ទៅមុខទៀត។ ដោយមើលឃើញសិស្សនៅទីនេះ មានទឹកចិត្តចង់រៀននិងលោកគ្រូអ្នកគ្រូ មានទឹកចិត្តចង់បង្រៀន ទើបគិតថា នេះ​ពិតជាអស្ចារ្យ សម្រាប់ការជួយបន្តទៀតរាល់ឆ្នាំ»

«ម្យ៉ាងទៀ​ត ចង់ឲ្យសិស្ស​ដែលចេញពីសាលាអេម៉ាញ៉ូអែល ចេញទៅមានគុណភាព ជួយខ្លួនឯងជួយផ្ទះសម្បែង ស្របពេលដែលសិស្សនៅសាកលវិទ្យាល័យហុងកុង ខាងលើ គាត់មានអារម្មណ៍ចង់ជួយច្រើន។ នៅពេលនេះ​យើងមកបង្ហាត់ភាសាអង់គ្លេស ចំនួនមួយអាទិត្យ ដោយមានសិស្សចំនួនជាង៤០០នាក់ ក្នុងនោះផ្តោតលើសិស្សថ្នាក់ មតេយ្យដល់ថ្នាក់ទី៦»។ នេះបើយោតាម​ កញ្ញា James Evans បញ្ជាក់បន្ថែម។

​យ៉ាងណាមិញ កុមារីជាច្រើនដែលសិក្សានៅសាលាខាងលើ បានសម្តែងនូវការសប្បាយរីករាយ ដែលបានលោកគ្រូអ្នកមកពីហុងកុង មាន​សន្ដានចិត្ត ជួយមកបង្រៀនភាសា ឲ្យយល់ច្បាស់ពីរបៀបសរសេរ ប្រើសំឡេង និង ក្បួនរៀនដែលបង្កប់ ដោយភាពរីករាយដូចជា មានការលេងហ្គេមកម្សាន្ត ទាក់ទិន និងមេរៀនធ្វើឲ្យមានការងាយយល់។ ប្អូនៗចង់ឲ្យពួកគាត់មកបង្រៀនជាបន្តទៀត ប្រសិនបើមានពេលទំនេរ គ្រប់គ្រាន់ហើយមានពេលយូរ ជាងនេះ។

សូមបញ្ជាក់ថា សាលាសហគមន៍អេម៉ាញ៉ូអែល ស្ថិតនៅក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ ខណៈកាលពីព្រឹកថ្ងៃទី៨ មិថុនា ឆ្នាំ២០១៧ នេះមានការរៀបចំទ្រង់ទ្រាយធំមួយ ដែលបង្ហាញពីការបង្រៀន ផ្នែកភាសាអង់គ្លេស និងជំនាញផ្សេងទៀតដល់​កុមារា កុមារី​កម្ពុជា៕