(ភ្នំពេញ)៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់ប្រាក់សកល បានប្រកាសថា ខ្លួនកំពុងធ្វើការសហការជាមួយបណ្តាធនាគារក្នុងស្រុក និងពាណិជ្ជករនានា ដើម្បីបើកដំណើរការ សេវាកម្មទូទាត់សាច់ប្រាក់ mVisa Quick Response (QR) code ទូរស័ព្ទដៃ ក្នុងគោលបំណងបង្កើនល្បឿនការផ្លាស់ប្តូរពីការទូទាត់សាច់ប្រាក់ ទៅជាការទូទាត់បែបអេឡិកត្រូនិក នៅកម្ពុជា។
សេវាកម្ម mVisa អនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ទូរសព្ទដៃរបស់ខ្លួន ដើម្បីធ្វើការទិញទំនិញដោយពុំចាំបាច់មានសាច់ប្រាក់ក្នុងដៃ បង់វិក័យបត្រ និងផ្ញើប្រាក់ទៅកាន់មិត្តភ័ក្តិ និងក្រុមគ្រួសារប្រកបដោយសុវត្ថិភាព តាមរយៈការភ្ជាប់កាតឥណពន្ធវីសា កាតឥណទាន ឬគណនីបង់ប្រាក់ជាមុន ជាមួយនឹងកម្មវិធី mVisa។ វានឹងធ្វើការផ្លាស់ប្តូរគណនីមូលដ្ឋានជាទម្រង់ឌីជីថល និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចផ្ទេរប្រាក់ពីគណនីរបស់ខ្លួន ចូលទៅក្នុងគណនីពាណិជ្ជករ ប្រកបដោយសុវត្ថិភាព និងការទុកចិត្តតាមរយៈតាមការស្កេនកូដ QR។
ចំពោះពាណិជ្ជករ សេវាកម្ម mVisa អាចឱ្យពួកគេទទួលបានជម្រើសចំណាយទាប ក្នុងការទូទាត់បែបអេឡិចត្រូនិក ដោយប្រើសេវាកម្ម mVisa QR code និងទូរសព្ទដៃរបស់ពួកគេ។
លោក Sean Preston អ្នកគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖ «ជាមួយនឹងការកើនឡើងនៃទីផ្សារទូរសព្ទ និងចំណង់ចំណូលចិត្តជាមួយបច្ចេកវិជ្ជាថ្មីៗ ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងទទួលយកបទពិសោធន៍សេវាកម្មទូទាត់សាច់ប្រាក់ mVisa ដែលផ្តល់នូវភាពឆាប់រហ័ស សុវត្ថិភាព និងងាយស្រួល។»
«តាមរយៈការប្រើប្រាស់ទូរសព្ទដៃ និងបច្ចេកវិជ្ជា QR code សេវាកម្ម mVisa ជួយបំពេញបន្ថែមមុខងារពីលើម៉ាស៊ីនឆូតកាត តាមរយៈការផ្តល់នូវប្រសិទ្ធភាពក្នុងការចំណាយសម្រាប់អាជីវកម្ម ដែលបានទទួលយកសេវាកម្មទូទាត់សាច់ប្រាក់បែបអេឡិចត្រូនិក និងសម្រាប់អតិថិជនធ្វើការបង់ប្រាក់តាមបែបអេឡិចត្រូនិក ជាជាងការប្រើប្រាស់សាច់ប្រាក់យកមកទូទាត់។ ដោយសារតែបែបនេះហើយ ទើបយើងមើលឃើញឱកាសយ៉ាងសំខាន់មួយ សម្រាប់ឱ្យសេវាកម្ម mVisa ជួយបង្កើនការប្រើប្រាស់សេវាកម្មទូទាត់សាច់ប្រាក់អេឡិចត្រូនិក នៅទូទាំងប្រទេស ជាពិសេសជាមួយពាណិជ្ជកម្មតូចៗ និងនៅតាមតំបន់ដាច់ស្រយាល។»
ប្រតិបតិ្តការសេវាកម្ម mVisa ទាំងអស់ត្រូវបានដំណើរការតាមរយៈបណ្តាញជាសកល VisaNet ការអនុវត្តមាត្រដ្ឋាន ប្រកបដោយសុវត្ថិភាព និងភាពជឿទុកចិត្ដនៃការទូទាត់តាម Visa ទៅកាន់ការទូទាត់តាមលេខកូដ QR។
លោក Preston បានបន្ថែមថា៖ «យើងពិតជារំភើបដោយបានពាំនាំអ្វីដែលថ្មីជាមួយនឹងដំណោះស្រាយនៃការទូទាត់មួយប្រកបដោយភាពច្នៃប្រឌិតដូចជា mVisa មកកាន់ប្រទេសកម្ពុជា។ យើងប្តេជ្ញាចិត្តក្នុងការសហការជាមួយរដ្ឋាភិបាល អតិថិជនទាំងអស់របស់ពួកយើង និងពាណិជ្ជកររបស់យើង ដើម្បីពង្រីកការទូទាត់អេឡិចត្រូនិកនៅទូទាំងប្រទេស។»
សេវាកម្ម mVisa នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជាក្នុងត្រីមាសទីបីនៃឆ្នាំ ២០១៧។ សូមធ្វើការទំនាក់ទំនងជាមួយនឹងធនាគារក្នុងស្រុករបស់លោកអ្នក សម្រាប់ព័ត៌មានបន្ថែម។
Visa ជាក្រុមហ៊ុនទូទាត់ប្រាក់សកលលោក តាមបែបបច្ចេកវិជ្ជាដែលផ្សារភ្ជាប់អតិថិជន អាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាលនៅតាមបណ្ដាប្រទេស និងតំបន់ជាង ២០០ កន្លែង ដែលមានល្បឿនលឿន សុវត្ថិភាព និងអាចជឿទុកចិត្តបាន។ យើងធ្វើប្រតិបត្តិការលើដំណើរការបណ្តាញដ៏ទំនើបបំផុតគឺ VisaNet ដែលមានសមត្ថភាពក្នុងការដោះស្រាយឮជាមួយនឹងសារនៃប្រតិបត្តិការច្រើនជាង ៦៥,០០០ សារក្នុងរយៈពេលត្រឹមតែ ១ វិនាទី ជាមួយនឹងការការពារចំពោះការភាន់ច្រឡំសម្រាប់អតិថិជន និងធានាសម្រាប់ការទូទាត់ទៅកាន់ពាណិជ្ជករផងដែរ។ Visa មិនមែនជាធនាគារ និងមិនបានចេញកាត ពង្រីកឥណទាន ឬកំណត់ ក៏ដូចជាពង្រីកអត្រាការប្រាក់ និងថ្លៃសេវាសម្រាប់អតិថិជនឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើតថ្មីរបស់ Visa អនុញ្ញាតឲ្យអតិថិជនគ្រឹះស្ថានហិរញ្ញវត្ថុរបស់ខ្លួនផ្តល់នូវជម្រើសច្រើនទៀតដល់អតិថិជន៖ ទូទាត់ភ្លាមៗជាមួយនឹងឥណពន្ធ ទូទាត់មុនជាមួយនឹងការបង់ប្រាក់ជាមុន ឬទូទាត់ពេលក្រោយជាមួយផលិតផលឥណទាន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.visa.com