(កំពង់ធំ)៖ លោកស្រីវេជ្ជបណ្ឌិត ឆាយគឹម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីប្រឡងប្រណាំងចម្អិនម្ហូបអាហារ ផ្តាច់ព្រ័ត្តតាមសាលារៀន ក្នុងកម្មវិធីស្បៀងអាហារពិភពលោក តាមសាលារៀន ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៧នេះ នៅសាលាបឋមសិក្សាឥន្ទកុមារ ភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
លោកស្រីវេជ្ជបណ្ឌិត ឆាយគឹម សុទ្ធាវី បានបន្តថា កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកលោកស្រី ប្រតិភូមកពីខេត្តបាត់ដំបង ខេត្តសៀមរាប តំណាងអង្គការស្បៀងអាហារពិភពលោក លោក លោកស្រីជានាយក នាយិកាសាលា និងចុងភៅចំនួន២១នាក់។ ចុងភៅទាំង២១នាក់ នេះមកពី តាមសាលាទាំង២១ ក្នុងស្រុកទាំង៧ ក្នុងខេត្តកំពង់ធំ ដែលបានទទួលជ័យលាភីថ្នាក់ស្រុកប្រមាណជាង១៥០នាក់។
លោក អ៊ិត វុឌ្ឍី អនុប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានធ្វើរបាយការណ៍ថា ចុងភៅទាំង២១នាក់ មកពីស្រុកបារាយណ៍៣នាក់ ស្រុកសន្ទុក៣នាក់ ស្រុកស្ទោង៣នាក់ ស្រុកប្រាសាទសំបូរ៣នាក់ ស្រុកប្រាសាទបល្ល័ង្ក៣នាក់ ស្រុកសណ្តាន់៣នាក់ និងស្រុកកំពង់ស្វាយ៣នាក់ ធ្លាប់បានប្រឡងជ្រើសរើសតាមស្រុក រួចហើយពេលនេះ និងធ្វើការប្រកួតនៅថ្នាក់ខេត្ត។
លោកស្រីវេជ្ជបណ្ឌិត ឆាយគឹម សុទ្ធាវី បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ នៃកម្មវិធីស្បៀងអាហាពិភពលោក នាយកដ្ឋានសុខភាព សិក្សានៃក្រសួងអប់រំយុវជននិងកីឡា ដែលបានបង្កើតកម្មវិធីការប្រឡងប្រណាំង ចម្អិនម្ហូបអាហារនេះហើយកម្មវិធីនេះបានបង្កើតឡើងជាលើកដំបូង សម្រាប់ចុងភៅ នៅទូទាំងប្រទេសដែលបានអនុវត្កម្មវិធីស្បៀងអាហារពិភពលោកនៅតាមសាលារៀន លោកស្រីបានបន្តទៀតថា កម្មវិធីនេះបង្កើត ឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ចុងភៅស្ម័គ្រចិត្ត និងចង់បង្ហាញពីថ្នាក់ជាតិ ពីសកម្មភាពចូលរួមរបស់ចុងភៅ ក្នុងការចម្អិនអាហារដល់សិស្ស ព្រមទាំងជួយដល់ចុងភៅឲ្យយល់ពីសារៈសំខាន់នៃអនាម័យផ្ទះបាយ និងសុវត្ថិភាពចំណីអាហារហើយ ក៏ជាឱកាសល្អសម្រាប់ពួកគាត់ បានជួបចុងភៅមកពីសាលារៀនផ្សេងៗទៀតដើម្បីផ្លាស់ប្តូរបទពិសោធរវាងគ្នានិងគ្នា។
លោកស្រីវេជ្ជបណ្ឌិត ឆាយគឹម សុទ្ធាវី បានផ្តាំផ្ញើដល់ចុងភៅទាំងអស់ ត្រូវយកចិត្តទុកដាក់ដោយយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងអនុវត្ត តាមបទបញ្ជាផ្ទៃក្នុង របស់កម្មវិធីប្រឡងប្រណាំងចម្អិនអាហារ ទៅតាមតារាងលម្អិតដែលមានអនាម័យខ្លួនប្រាណ សម្លៀកបំពាក់ចម្អិន ត្រឹមត្រូវលាង សម្អាតអាហារឆៅលាងសម្អាត និងកន្លែងចម្អិនបានល្អ ភាពស្រស់ស្រូបអាហារឆៅភាពស្មុកស្មាញក្នុងការ រៀបចំការប្រើប្រាស់អាហារបីក្រុមដោយ ទាន់ពេលវេលា ភាពច្នៃប្រឌិតសម្រស់នៃម្ហូប រសជាតិក្លិនឈ្ងុយ។
គួបញ្ជាក់ផងដែរថា ការប្រឡងបានចាប់ផ្តើម និងនៅវគ្គផ្តាច់ព្រ័ត្តចំពោះចុងភៅដែលបានឈ្នះជ័យលាភីលេខ១បានទៅលើឈ្មោះ លី មីអូ ភេទប្រុស មកពីសាលាបឋមសិក្សាខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ,លេខ២បានទៅលើឈ្មោះ មាស ផាន់ណា ភេទស្រី មកពីសាលាបឋមសិក្សា អង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង, និងលេខ៣ បានទៅលើឈ្មោះ ប៉ាត យក់ហៀង មកពីសាលាបឋមសិក្សាតាញ៉ោក ឃុំតាំងក្រសាំង ស្រុកសន្ទុក។
សម្រាប់អ្នកឈ្នះជ័យលាភីលេខ១ ទទួលបានថវិកា១៥០ដុល្លាអាមេរិក,លេខ២ទទួល បានថវិកា១២០ដុល្លាអាមេរិក,លេខ៣ទទួលបានថវិកា ១០០ដុល្លាអាមេរិក ចំណែកឯសាលារៀនដែលទទួលបានទទួលជ័យលាភី និងទទួលបានថវិកា១០០ដុល្លាអាមេរិក បន្ថែមសម្រាប់យកទៅ ប្រើប្រាស់ផ្គត់ផ្គង់ចម្អិនអាហារពេលព្រឹកតាមសាលារៀន៕