(តាកែវ)៖ អតីតមេបញ្ជាការអាវុធហត្ថស្រុកអង្គរបុរី ខេត្តតាកែវ លោក សុខ ឡេះ ដែលបច្ចុប្បន្នបម្រើការងារនៅទីបញ្ជាការដ្ឋានអាវុធអាហត្ថខេត្ត បានរងការចោទថា បានចាប់ឡានដឹកឈើចំនួន២ឡាន ដោយជំរិតទារប្រាក់ចំនួន១៥០០ដុល្លារ ជាថ្នូរដោះលែងវិញ។
ប្រជាពលរដ្ឋដែលបានដឹងរឿងច្បាស់ បានលួចបង្ហើបប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នេះថា នៅយប់មិញនេះ កម្លាំងអាវុធហត្ថ៤នាក់ ដឹកនាំដោយលោក សុខ ឡេះ អតីតមេប៉េអឹមស្រុកអង្គបុរី ជិះអូរប័រ ចុះចាប់ឈើ២ឡានសាំយ៉ុង ដល់ចំណុចកោះទ្រា ស្រុកអង្គបុរី ស្រាប់តែយកលុយគេ១៥០០ដុល្លារ ដោយប្រាប់ថាថ្នាក់លើឲ្យយក។
តាមព័ត៌មានដែលទទួលបាន ឈើនេះមុននិងនាំចេញបានត្រូវបង់ឲ្យថ្នាក់លើចំនួន១៥០០ដុល្លារទើបអាចរួចខ្លួន បើមិនចឹងនឹងត្រូវចាប់បញ្ជូន ទៅតុលាការ។ អ្នកដឹងរឿង សូមឲ្យនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ជួយចាត់វិធានការលើ មន្រ្តីអាវុធហត្ថ ទាំងនេះផង ដើម្បីកុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនទាន់អាចស្វែងរកការបកស្រាយ ពីលោក សុខ ឡេះ និងមេបញ្ជាការអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ ឡា ឡៃ បានទេ នៅរសៀលថ្ងៃនេះ៕