(កណ្ដាល)៖ ដោយសារភ្លើង នៃសេចក្ដីស្នេហារវាងស្រី ជាមួយស្រី ធ្វើឲ្យគូរស្នេហ៍ម្នាក់ដែលដើរតួជាប្រុសក្លាយជាឃាតក ដោយសារតែស្ដ្រី កំណាន់ចិត្ត ព្រមតាមឪពុកម្ដាយប្រុងទៅរៀបការជាមួយប្ដីថ្មី ទើបទប់ចិត្តមិនបានយកកាំបិតចាក់សម្លាប់តែម្ដង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុចបន្ទប់ជួលលេខ១៣ ក្នុងភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នូល ខេត្តកណ្ដាល។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ស្ដ្រីរងគ្រោះដែលគូរស្នេហ៍ចាក់សម្លាប់នោះ ឈ្មោះ ហ៊ុន ស្រីពៅ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មុខរបរកម្មការនីរោងចក្រ។ ដោយឡែក ជនសង្ស័យឈ្មោះ ហង់ ធា (ហៅឆៃ) តែងខ្លួនធ្វើប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិតាំងគម្ពី ឃុតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមលោកឧត្តមសេនីយទោស្នងការ នៅមុនពេលកើតហេតុ វេលាម៉ោង០៦ល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យ និងជនរងគ្រោះបានចេញពីធ្វើការរោងចក្រនាំគ្នាមកផ្ទះជួលកើតហេតុ ហើយបានចាក់សោបន្ទប់ខាងក្នុង ជជែកទាក់ពាក្យគ្នា រហូតឈានដល់ជនសង្ស័យយកកូនកាំបិតចាក់ជនរងគ្រោះ ទើបមានការស្រែកពីជនរងគ្រោះឲ្យគេជួយ ពេលនោះមានអ្នកនៅជិតខាង និងម្ចាស់ផ្ទះមកជួយវាយបំបែកទ្វារកញ្ចក់ ដើម្បីជួយជនរងគ្រោះ និងបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ។
ចំណែកជនសង្ស័យ បានយកថ្នាំកណ្តុរចាក់អកចូលមាត់លេបអស់មួយកញ្ចប់តូច បំណងសម្លាប់ខ្លួនដែរ តែត្រូវបានកម្លាំងសមត្ថកិច្ចទៅដល់បញ្ជូន ទៅមន្ទីរពេទ្យឯកជនបែកចានសង្គ្រោះទាន់ពេលវេលា៕