(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានឆ្មក់ចូលឆែកឆេរ និងឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ ខណៈកំពុងធ្វើសកម្មភាពភ្នាល់ល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ក្នុងបន្ទប់លេខ៣០៥, ៣០៦ នៃសណ្ឋាគារ «ហ្គោលឌីយ៉ាណា» មានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីលោក រៀម ចាន់មន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានបន្តថា ជនសង្ស័យទាំងនោះរួមមានឈ្មោះ៖
១៖ Chen Yulin អាយុ៣៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E53663004 ផុតកំណត់១៧-០៦-២៥ (ទិដ្ឋាការទេសចរណ៍)
២៖ Chen BinBin អាយុ២៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E61851156 ផុតកំណត់២៦-១០-២៥ (ទិដ្ឋាការទេសចរណ៍)
៣៖ Chen Baolin អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E52310697 ផុតកំណត់២៧-០៥-២៥ (ទិដ្ឋាការទេសចរណ៍)
៤៖ Chen Delin អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E60862104 ផុតកំណត់១២-១០-២៥ (ទិដ្ឋាការទេសចរណ៍)។
៥៖ Chen Jianglin ភេទ ប្រុសអាយុ៣១ឆ្នាំជនជាតិចិន កាន់លិខិតឆ្លងដែនលេខE50807005 ផុតកំណត់០៨-០៥-២៥ (ទិដ្ឋាការទេសចរណ៍)។
៦៖ Guan Jianqiang ភេទ ប្រុសអាយុ២៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខE96790365 ផុតកំណត់២៣-០២-២៧ (ទិដ្ឋាការទេសចរណ៍)។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យបានហើយ កម្លាំងនគរបាលរបស់លោក បានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ កុំព្យួទ័រឡេបថប់ចំនួន ៦គ្រឿង, ទូរស័ព្ទដៃចំនួន ៥គ្រឿង, ម៉ូដឹម 3G Metfon ចំនួន៦គ្រឿង។
បច្ចុប្បន្នជនជាតិចិនទាំង៦នាក់នេះ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និងសាកសួរចម្លើយនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕