(ភ្នំពេញ)៖ គិតមកទល់ពេលនេះ មានរយៈពេលជាង២ឆ្នាំហើយ ក្រោយទីស្ដីការគណៈរដ្ឋមន្ដ្រីបានចេញសេចក្ដីជូនដំណឹងឲ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបិរស្ថាន និងអគ្គិសនីកម្ពុជា ពិនិត្យសិក្សាអំពីនីតិវិធីប្រមូលថ្លៃសេវាសំរាមតាមមធ្យោបាយណាមួយ ជំនួសការបង់ថ្លៃសេវាតាមរយៈវិក្កិយបត្រអគ្គិសនី ប៉ុន្ដែមកទល់ពេលនេះបញ្ហានេះ មិនបានដោះស្រាយចប់នៅឡើយទេ ពោលគឺថ្លៃសេវាសំរាម នៅតែបន្ដបង់ជាមួយថ្លៃភ្លើងដដែល។
តាមលិខិតរបស់អគ្គិសនីកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បញ្ជាក់ថា «រយៈពេលគិតពីថ្ងៃចេញ សជណ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី មកទល់នឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ មានចំនួន២ឆ្នាំ និង៤ខែមកហើយ ពុំទាន់ឃើញមានការវិវត្តន៍គួរឲ្យកត់សម្គាល់នៅឡើយ។ ការមិនអនុវត្តនេះនាំឲ្យមានការចោទប្រកាន់ និងការធ្វើអាជីវកម្មនយោបាយជាច្រើនលើអគ្គិសនីកម្ពុជា»។
ហេតុដូច្នេះហើយ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានអំពាវនាវឲ្យថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នដែលពាក់ព័ន្ធ មេត្តាជួយអន្ដរាគមន៍ជម្រុញដោះស្រាយបញ្ហានេះ ឲ្យបានកាន់តែឆាប់៕
ខាងក្រោមនេះ ជាលិខិតរបស់អគ្គិសនីកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖