(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ពញាក្រែក និងលោក ប្រាជ្ញ ចន្ទ ប្រធានគណបក្សខេត្តត្បូងឃ្មុំ បានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកា និងអ្នកគាំទ្រទាំងអស់ ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនម្ពុជាយកឈ្នះទាំង៨ឃុំ ក្នុងស្រុកពញាក្រែក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក វង សូត បានថ្លែងថា ក្នុងនាមលោក ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ពញាក្រែក សូមថ្លែងអំណរគុណ ដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សឲ្យបានឈ្នះឆ្នោតជាមេឃុំ ទាំង៨ឃុំ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧កន្លងទៅនេះ ដើម្បីបន្តឲ្យគណបក្សប្រជាកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សា ឃុំ-សង្កាត់នៅអាណត្តិទី៤ និងបន្តឈានទៅរកការឈ្នះឆ្នោត សាកលនៅឆ្នាំ២០១៨ខាងនេះ។
បន្ថែមពីលើនេះ រដ្ឋមន្រ្តីវង សូត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា និងខិតខំប្រឹងប្រែង ក្នុងការកសាងជាតិមាតុភូមិ ជាពិសេសមូលដ្ឋានផ្ទាល់តែម្តងដែលជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការរីកចម្រើនទៅមុខ។ ជាក់ស្តែងក្នុងក្របខណ្ឌ ស្រុកពញាក្រែក គណបក្សប្រជាជនកម្ពុជា នៅតែយកឈ្នះ បើទោះបីជាអសនៈមានការថយចុះក៏ដោយ ដូចនេះ សមាជិកគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាននីមួយៗ ត្រូវបន្តពង្រឹងបំរើសេវាជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីទទួលបានការគាំទ្រ និងត្រៀមលក្ខណៈ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នាឆ្នាំ២០១៨ខាងមុខនេះ។
លោក វង សូត បានបន្តថា ទីតាំងនេះជាទីតាំងមួយ ក្នុងចំណោមទីតាំងដ៍ទៃទៀត ទូទាំងប្រទេស ជាអតីតមូលដ្ឋានបង្ហូរឈាមដោយសារសង្គ្រាម ប៉ុន្តែក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានប្រែក្លាយពីតំបន់សង្គ្រាមមកជា តំបន់សុខសន្តិភាព មានការអភិវឌ្ឍន៍ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ជួបជុំគ្រួសារសាច់ញាតិបងប្អូនគេចផុតពីការកាប់សម្លាប់ របស់ពួកកុម្មុនីស្ត នេះសបញ្ជាក់ឲ្យឃើញថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជាទំនុកចិត្តដល់ប្រជាពលរដ្ឋ ទើបធ្វើយើងទទួលបានជ័យជំនៈយ៉ាងខ្លាំងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ក្នុងអាណត្តិនេះ។
ក្នុងឪកាសនោះ លោក វង សូត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំជឿលើជនខិលខូចមួយចំនួនដែលដើរញ៉ុះញង់ ភូតភរ កុហក បោកប្រាស់ ដើម្បីកេងចំណេញនយោបាយ គណបក្សរបស់ខ្លួននោះ ហើយសូមបងប្អូនជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន ព្រោះថាមានគណបក្សប្រជាជន មានសុខសន្តិភាព មានការអភិវឌ្ឍន៍ គណបក្សប្រជាជន គឺសម្រាប់ប្រជាជន ដើម្បីប្រជាជន មិនចង់បានអ្វី ក្រៅពីចង់ឃើញប្រជាជនសុខសន្តិភាព មានជីវភាពធូរធារ សំបូរសប្បាយនោះឡើយ។
សូមបញ្ជាក់ថា តាមរបាយការណ៍បឋម ដែលទទួលបានឲ្យដឹងថា ស្រុកពញាក្រែក មាន៨ឃុំ មានគណបក្សនយោបាយ ឈរឈ្មោះចំនួន ៧គណបក្ស និងមាន៨០អាសនៈ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៦៧,៨៦៦នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៣៩,១០៥សំឡេង, គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រ ២៣,៥៩៩សំឡេង, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ១,៩០៥សំឡេង, គណបក្សបង្រួបបង្រួមជាតិ ទទួលបានសំលេងគាំទ្រ៦៣៦សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេង គាំទ្រ ៦៣១សំឡេង, គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេងគាំទ្រ៥២សំឡេង, និងគណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៣៣៩សំឡេង ក្នុងនោះ គណបក្សដែលបានជាប់ឆ្នោត មានគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៣អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន២៧អាសនៈ៕