(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញមកទាត់ចោលការចោទប្រកាន់របស់សម្ព័ន្ធ សហជីពចលនាកម្មករ ដែលបានចោទប្រកាន់និយោជករោងចក្រសៅលែន ខេមបូឌា ខូអិលធីឌី ហៅរោងចក្រ៦ជាន់ បញ្ឈប់ការងារសហជីពចំនួន ១០នាក់ ក្រោយពីមានការតវ៉ាស្នើសុំបន្ថែមថ្ងៃឈប់សម្រាក ដើម្បីបានទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។
កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ សម្ព័ន្ធសហជីពចលនាកម្មករ បានចេញសេចក្ដីថ្លែងការណ៍ថា ថ្នាក់ដឹកនាំនិងសកម្មជន សហជីពមូលដ្ឋានរបស់ខ្លួន ចំនួន១០នាក់ ត្រូវបាននាយករោចក្រកាត់ដេរ សៅលែន ខេមបូឌា ខូអិលធីឌី ស្ថិតនៅតាមផ្លូវវេងស្រេង ព្យួរការងារអស់ជាយូរថ្ងៃក្រោមការចោទប្រកាន់ថា បានញុះញង់ឲ្យកម្មករនិយោជិត តវ៉ាស្នើសុំបន្ថែមថ្ងៃឈប់សម្រាកដើម្បីបានទៅចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានចាត់ទុកចំណាត់នេះ គឺជាការរើសអើង និងប៉ុនប៉ងរំលាយសហជីពឯករាជ្យពីសំណាក់ភាគីក្រុមហ៊ុន និងបានរំលោភទៅលើច្បាប់ការងារ និងអនុសញ្ញារបស់អង្គការអន្តរជាតិ ខាងការងារ (ILO) ទាំងស្រុង។
តាមរយៈសេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ GMAC បានបញ្ជាក់ថា ការព្យួរកាងារនេះ មិនមែនជាការរើសអើងសហជីពឡើយ ប៉ុន្តែជាការអនុវត្តន៍វិធានការវិន័យរបស់និយោជក ចំពោះកម្មករទាំង១០នាក់ ខាងលើ ដែលបានប្រព្រឹត្តកំហុសធ្ងន់ តាមរយៈសកម្មភាពដើរបិទភ្លើង ញុះញង់កម្មករមិនឲ្យធ្វើការ និងចូលរួមធ្វើកូដកម្មជាមួយពួកគេ ក្នុងអំឡុងម៉ោងការងារនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីទាមទារឲ្យរោងចក្រផ្ដល់ការឈប់សម្រាកបន្ថែមចំនួន ២ថ្ងៃ។
GMAC បានបន្តថា ការចាត់វិធានការនេះ មិនមែនជាការរើសអើងប្រឆាំងនឹងការបង្កើតសហជីពនោះឡើយ ប៉ុន្តែជាការអនុវត្តសិទ្ធិរបស់ និយោជក ក្នុងការព្យួរកិច្ចសន្យារបស់ថ្នាក់ដឹកនាំសហជីព ប្រសិនបើរកឃើញថា បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ដើម្បីរង់ចាំការអនុញ្ញាតលើការ បញ្ឈប់ពីការងារជាមុនពីអធិការការងារ។
ជាមួយគ្នានេះ GMAC ក៏បានលើកយកសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល មកសំអាងផងដែរ ដោយបញ្ជាក់ថា «ការបិទ ភ្លើងអគ្គិសនីរបស់ក្រុមហ៊ុនដោយកម្មករនិយោជិត ក្នុងអំឡុងពេលកូដកម្ម គឺមិនស្របច្បាប់ទេ ដោយហេតុថា ទង្វើនេះនាំឲ្យមាន ភាពខូចខាតដល់ក្រុមហ៊ុន និងជាការបំពាននឹងកាតព្វកិច្ចរបស់កម្មករនិយោជិត ក្នុងការធ្វើកូដកម្មដោយសន្តិវិធី។ ឥរិយាបថបែបនេះ អាចត្រូវចាត់ទុកថា ជាកំហុសធ្ងន់»។
មិនតែប៉ុណ្ណោះ នៅក្នុងច្បាប់ស្ដីពីការងារក៏បានចែងថា «...សហជីព ឬសមាគមនិយោជកទាំងឡាយណា ដែលមិនបានចុះបញ្ជី ដែលត្រូវបានពន្យារពេលការចុះបញ្ជី ឬដែលត្រូវបានលុបបញ្ជិកា ហើយបានធ្វើសកម្មភាពសហជីព ឬសកម្មភាពសមាគមនិយោជក ត្រូវបានចាត់ទុកថាខុសច្បាប់។...»។ នេះជាអំណះអំណាងមួយទៀតរបស់ GMAC។
ចំណែកសេចក្ដីថ្លែងការណ៍របស់សម្ព័ន្ធសហជីពជាតិចលនាកម្មករ កាលពីថ្ងៃទី០៧ ខែមិថុនានោះ ក៏បានស្នើសុំឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ រួមទាំងអ្នកបញ្ជាទិញ ជួយអន្តរាគមន៍ឲ្យនាយករោងចក្រ៦ជាន់ ឲ្យទទួលយក តំណាងសហជីពទាំង ១០នាក់នេះ ឲ្យចូលធ្វើការងារជាធម្មតាវិញ ហើយដាក់សម្ពាធទៅលើក្រុមហ៊ុនឲ្យបញ្ឈប់ ជាបន្ទាន់នូវការរើសអើង សេរីភាពសហជីពតាមគ្រប់រូបភាព។
ប្រការនេះ ត្រូវបានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្នើត្រលប់ទៅវិញឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចាត់វិធានការ ចំពោះសហជីពណា ដែលមិនបានគោរពច្បាប់ផងដែរ។
សូមជម្រាបថា មុននឹងឈានដល់ពេលបោះបោះឆ្នោត ជ្រើសរើសក្រុមបប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នោះ ទាំងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវហើយអំពាវនាវ ទៀតទទូចឲ្យម្ចាស់ ឬនាយករោងចក្រសហគ្រាសនៅទូទាំងប្រទេស ផ្ដល់ពេលវេលាឈប់សម្រាកសមស្របដល់កម្មករនិយោជិត ដើម្បីឲ្យកម្មករបានទៅបោះឆ្នោតឲ្យបានគ្រប់គ្នា៕