(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រកាសឲ្យដឹងថា ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលមានអាយុ ៧២ឆ្នាំ ទទូលបានពាន រង្វាន់សិល្បៈ និងវប្បធម៌ហ្វឹគឹអុកាឆ្នាំ២០១៧ ពីរាជរដ្ឋាភិបាលជប៉ុន។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរខ្លាំងចំពោះការទទួលបានពានរង្វាន់នេះ។ ឆ្នាំនេះ អំឡុងពេលបុណ្យគីហ្សូណា ដែលជាកម្មវិធីផ្លាស់ប្តូរវប្បធម៌ជប៉ុន-កម្ពុជា ខ្ញុំមានឱកាសបានទស្សនាផ្ទាល់ការសម្តែង ចាប៉ីដងវែងជាលើកទីមួយ»។
លោកឯកអគ្គរាជទូតជប៉ុន បន្តថា «ចង្វាក់ភ្លេង រួមទាំងទំនុកច្រៀងដ៏មានអត្ថន័យ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ អ្នកចូលរួមទាំងអស់មកពីប្រទេសផ្សេងៗ។ រូបខ្ញុំផ្ទាល់ ក៏បានដក់ជាប់ជ្រាលជ្រៅនូវទំនុកច្រៀង និងជឿជាក់ថា សិល្បៈមួយនេះ មានសក្តានុពលរីកចំរើន សាជាថ្មីម្តងទៀតនាពេលអនាគត»។
លោកឯកអគ្គរាជទូត បានបញ្ជាក់ថា ការទទួលបានពានរង្វាន់របស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាឱកាសដ៏ល្អមួយក្នុងការផ្សព្វផ្សាយ ដល់ប្រជាជនទូទាំងតំបន់អាស៊ីស្គាល់សិល្បៈចាប៉ីដងវែង ដែលជាបេតិកភណ្ឌអរូបិយពិភពលោករបស់កម្ពុជា និងមានប្រវត្តិដ៏យូរលង់ នៃសិល្បៈ ចំណាស់មួយនេះ។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ក៏បានជូនពរព្រឹទ្ធាចារ្យ គង់ ណៃ មានសុខភាពល្អ ជួបតែសុភមង្គល និងទទួលបានជោគជ័យក្នុងការ បណ្តុះបណ្តាល សិល្បៈចាប៉ីដងវែងទៅកាន់ក្មេងៗជំនាន់ក្រោយ។
សូមបញ្ជាក់ថា ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វឹគឹអុកា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០នៅទីក្រុងហ្វឹគឹអុកាប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងការលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី រួមមានប្រទេស កម្ពុជាផងដែរ។
ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំ សិល្បៈ និងវប្បធម៌ ដូចជា លោក ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកនិពន្ធរឿងល្ខោន ដែលមានជំនាញខ្ពស់ធ្លាប់បានទទួលពានរង្វាន់នេះក្នុងឆ្នាំ១៩៩៧ និងលោក អាំង ជូលាន នវវិទូដ៏ចំណាន និងជាអ្នកស្រាវជ្រាវខេមរសិក្សាបានទទួលពានរង្វាន់នេះក្នុងឆ្នាំ២០១១៕