(ភ្នំពេញ)៖ ក្រោយបើកសវនាការលើសំណុំរឿងមុនអង្គសេចក្តីលើករណីសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនលោក គឹម សុខ, នៅពេលនេះតុលាការកំពូល បានសម្រេចនឹងប្រកាសសាលដីកា នៅថ្ងៃទី២៣ ខែមិថុនាខាងមុខ, នេះបើយោងតាមលោក គី តិច មេធាវីការពារក្តីឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងឲ្យដឹងយ៉ាងដូច្នេះ។
លោក គី តិច បានថ្លែងឲ្យដឹងថា ការបើកសវនាការរបស់តុលាការកំពូលនៅពេលនេះ គឺពាក់ព័ន្ធលើសំណុំរឿងមុនអង្គសេចក្តី ដែលសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនលោក គឹម សុខ បណ្តោះអាសន្ន, ករណីនេះលោក គឹម សុខ បានប្តឹងជំទាស់ពីសាលាដំបូងមកកាន់សាលាឧទ្ធរណ៍ និងឡើងមកដល់ តុលាការកំពូល, ក្រោយពីបើកសវនាការនៅព្រឹកមិញនេះ តុលាការសម្រេចនឹងប្រកាសសាលដីកា នៅថ្ងៃទី២៣ ខែមិថុនាខាងមុខនេះ។
លោក គី តិច បានបន្ថែមថា សំណុំរឿងរបស់លោក គឹម សុខ នៅសល់ចំនួន២ទៀត ដែលនឹងត្រូវបើកសវនាការនៅក្នុងខែមិថុនានេះ។
សូមជំរាបថា សវនាការនាព្រឹកមិញនេះធ្វើឡើងក្រោមវត្តមានលោក ឃឹម ប៉ុណ្ណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានការអញ្ជើញចូលរួមពីលោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន ដែលជាដើមបណ្តឹង និង ជួង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ។
សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ និងបានសម្រេចផ្តន្ទាទោសតាមមាត្រា ៤៩៤, ៤៩៥ និង ៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្តឹងលោក គឹម សុខ បន្ទាប់ពីលោក គឹម សុខ បានអត្ថាធិប្បាយតាមវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជា គឺជាអ្នកសម្លាប់លោក កែម ឡី៕