(សៀមរាប)៖ ឥណ្ឌា ដែលជាប្រទេសមួយមានបទពិសោធន៍ ច្រើនពាក់ព័ន្ធវិស័យកសិកម្ម និងមានប្រព័ន្ធគ្រប់គ្រងពូជដំណាំច្បាស់លាស់ មួយនោះ បានសន្យាជួយគាំទ្រ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ការប្រកាសបែបនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ក្នុងជំនួបប្រជុំទ្វេភាគីរវាងកម្ពុជា-ឥណ្ឌា លើការងារពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យកសិកម្ម។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមវត្តមាន លោកទេសរដ្ឋមន្ដ្រី វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងថ្នាក់ដឹកនាំមួយចំនួនទៀត។
បើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា អ្វីដែលភាគីឥណ្ឌាបានសន្យាជួយនោះ រួមមានការទទួលយកអ្នកវិទ្យាសាស្រ្ត និងមន្រ្តីកសិកម្ម ពីកម្ពុជា ទៅបណ្តុះបណ្តាលនៅប្រទេសឥណ្ឌានូវជំនាញសំខាន់ៗ ដូចជា ផលិតកម្មគ្រាប់ពូជ ការគ្រប់គ្រងនិងវិភាគគុណភាពពូជដំណាំ និងវិញ្ញាបនបត្របញ្ជាក់ពីគុណភាពគ្រប់ពូជ ហើយធ្វើកិច្ចសហ ប្រតិបត្តការលើការស្រាវជ្រាវ និងអប់រំវិស័យកសិកម្ម និងការផ្លាស់ប្តូរអ្នកជំនាញ រួមទាំងការអភិវឌ្ឍសមត្ថភាពនិស្សិតកសិកម្ម។
បន្ថែមពីនេះ ឥណ្ឌា នឹងបង្កើតក្រុមជំនាញរួមគ្នារវាងកម្ពុជា ដែលមានការគាំទ្រពីអ្នកជំនាញរបស់អ៊ីរី (IRRI) ក្នុងការកំណត់យុទ្ធសាស្រ្ត និងផែនការសកម្មភាពសម្រាប់ការជួយគាំទ្រដល់ការស្រាវជ្រាវ និងការអប់រំ និងអភិវឌ្ឍន៍វិស័យនៅកម្ពុជា និងការផ្លាស់ប្តូរបទពិសោធន៍ លើការងារភូតគាមអនាម័យ និងការទាក់ទាញចំណាប់អារម្មណ៍ពីទីផ្សារអន្តរជាតិ។
ជាមួយគ្នានោះ ឥណ្ឌាក៏រង់ចាំទទួលយកសំណើគម្រោងមួយចំនួនទៀតទាក់ទងទៅនឹងជំនួយបច្ចេកទេសដំណាំ ការបង្កើតមន្ទីរពិសោធន៍ គុណភាពពូជដំណាំ មជ្ឈមណ្ឌលកែច្នៃគ្រាប់ពូជ និងគម្រោងមួយចំនួនទៀត ដោយត្រូវលើកសំណើតាមរយៈស្ថានទូតឥណ្ឌាប្រចាំ នៅកម្ពុជា៕