(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនទូរគមនាគមន៍ Verizon ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការងារ យ៉ាងហោចណាស់ ២,០០០កន្លែង នៅពេលដែលនីតិវិធី ទិញយកក្រុមហ៊ុន Yahoo! ក្នុងតម្លៃជាង ៤.៤៨ពាន់លានដុល្លារ ត្រូវបានបញ្ចប់នៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមប្រភពស្និទ្ធនឹងការទិញយកនេះ ដកស្រង់ដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមការគ្រោងទុកខាងលើ ការកាត់បន្ថយការងាររបស់ក្រុមហ៊ុន Verison នឹងត្រូវអនុវត្តន៍លើអង្គភាពចំនួនពីររបស់ខ្លួនគឺ AOL និង Yahoo! ហើយការកាត់បន្ថយនេះ ទៀតសោតតំណាងឱ្យ ១៥ភាគរយនៃបុគ្គិលបម្រើការងារក្នុងអង្គភាពទំាងពីរនេះ ខណៈបុគ្គលិកប្រមាណជា ១៤,០០០នាក់ កំពុងបម្រើការងារឱ្យ AOL និង Yahoo!។
ទន្ទឹមគ្នានឹងការទិញយកក្រុមហ៊ុន Yahoo! និពន្ធនាយកនៃសារព័ត៌មាន Yahoo! លោកស្រី Megan Liberman បានប្រកាសថា លោកស្រីនឹងចាកចេញពីក្រុមហ៊ុន បន្ទាប់ពីការរួមបញ្ចូលគ្នានៃ Yahoo! និងក្រុមហ៊ុនទូរគមនាគមន៍ Verizon បានបញ្ចប់រួចរាល់។
គួររំលឹកថា ក្រុមហ៊ុន Yahoo! កាលពីខែមេសាកន្លងទៅបានឲ្យដឹងថា នីតិវិធីនៃការទិញយករបស់ក្រុមហ៊ុន Verizon នឹងត្រូវបញ្ចប់នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០១៧នេះ ពោលគឺនៅក្នុងខែមិថុនា នេះតែម្តង៕