(វ៉ាស៊ីនតោន)៖ អតីតនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកលោក James Comey បានថ្លែងថា ចំណុច​សំខាន់នៃអត្ថបទព័ត៌មានមួយ ចេញផ្សាយដោយកាសែត New York Times កាលពីខែកុម្ភៈ​កន្លងទៅ ដែលបានអះអាងថា ទីប្រឹក្សា​មួយ​ចំនួន​​របស់​ប្រធានាធិបតី លោក ដូណាល់ ត្រាំ លួចធ្វើការទាក់ទង​ជាមួយភ្នាក់ងារចារកិច្ច​របស់រុស្ស៊ីនោះ គឺមិនពិតទាំងស្រុង។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

កាលពីប៉ុន្មាន​ខែមុន សារព័ត៌មាន New York Times បានធ្វើសេចក្តីរាយការណ៍​ថា ក្រុមទីប្រឹក្សា​របស់ លោក ត្រាំ បានធ្វើការ​ទាក់ទងជា​ច្រើនលើកច្រើនសារ​ជាមួយភ្នាក់ងារចារកិច្ច​របស់​ប្រទេសរុស្ស៊ី នៅអំឡុងពេល ១២ខែមុន ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​អា​មេ​រិក។ អត្ថបទរាយការណ៍​ដដែល​បានអះអាងថា ទំនាក់ទំនង​នោះ ត្រូវបានធ្វើឡើង​ស្របពេលលោក ដូណាល់ ត្រាំ ចាប់​ផ្តើម​និយាយ​ពាក្យ​ល្អៗ​ អំពីប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថែមទៀត។ ម៉្យាងវិញទៀត​សេចក្តីរាយការណ៍នេះ បានគូសបញ្ជាក់ថា ទំនាក់ទំនង​ទាំងនេះ បានកើតឡើង​បន្ទាប់ពីបណ្តេញភ្នាក់ងារចារកម្មរុស្ស៊ី លួច និងចេញផ្សាយសារ​អ៊ីម៉ែលរបស់​គូប្រជែងរបស់ខ្លួន​នាពេលនោះ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន។

បន្ថែមពីនេះអត្ថបទព័ត៌មាន​ខាងលើរបស់ New York Times បានសង្កត់ធ្ងន់លើចំណុច​មួយទៀត ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ បាន​ដកបុគ្គលមួយចំនួន​រួមមាន​ លោក Roger Stone, លោក Paul Manafort, លោក Carter Page, និងលោក Michael Flynn ចេញពីក្រុមមន្រ្តី​ជំនិត​របស់​លោក ត្រាំ ដែលពួកគេបានទទួលការសង្ស័យថា បានធ្វើការសន្ទនា​ជាមួយជនជាតិ​រុស្ស៊ី ដែលអាច​ជាអ្នកធ្វើការឲ្យ​រដ្ឋាភិបាលរុស្ស៊ីតែម្តង។

យ៉ាងណាមិញសារព័ត៌មាន New York Times បានចេញមុខឆ្លើយតបថា ប្រភពព័ត៌មាន​របស់ពួកគេ មានភាពរឹងមាំ​ត្រឹមត្រូវ និង​អាច​ជឿ​ទុក​ចិត្ត ទោះ​​បីជាលោក Comey បានបដិសេធចោល​ ចំពោះភាពត្រឹមត្រូវ​នៃសេចក្តីរាយការណ៍​នេះយ៉ាងណាក្តី។

គួរបញ្ជាក់ថា អតីតនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់​សហរដ្ឋអាមេរិកលោក James Comey បានចូលផ្តល់ សក្ខីកម្មនៅចំពោះមុខ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាកាលពីថ្ងៃ​ព្រហស្បតិ៍​ ពាក់ព័ន្ធកិច្ចសន្ទនារវាងលោក និងប្រធានាធិបតីលោក ដូណាល់ ត្រាំ ជុំវិញការស៊ើបអង្កេតរបស់ FBI ទៅលើអតីតទីប្រឹក្សាសន្តិសុខជាតិ​លោក Michael Flynn ដែលត្រូវបានគេសង្ស័យ និងចោទប្រកាន់ថា លួចធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ី៕