(ភ្នំពេញ)៖ នៅក្នុងឱកាសជួបជាមួយនិស្សិត នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ លោក Mitsuhiro Furusawa អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ បានគូសបញ្ជាក់ថា «កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដែលមានសេដ្ឋកិច្ចរីកចំរើន លឿនបំផុតក្នុងលោក ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ»។

នៅក្នុងបទអន្តាគមន៍របស់ខ្លួន លោក Mitsuhiro Furusawa ក៏បានលើកឡើងផងដែរថា៖

ផ្តើមចេញពីការវិនាសហិនហោចដោយភាពកំណាចព្រៃផ្សៃ និងប្រល័យពូជសាសន៍ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គម គួរឲ្យស្ងើចសរសើរ យ៉ាងខ្លាំង»។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដែលមានសេដ្ឋកិច្ចរីកចំរើនលឿនបំផុតក្នុងលោក ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ អត្រាភាពក្រីក្រ បានថយចុះយ៉ាងច្រើនពី៥០% នៅឆ្នាំ២០០៥ មកត្រឹម១៣.៥% នៃចំនួនប្រជាជនសរុប នៅឆ្នាំ២០១៤។ ធនាគារពិភពលោក បានចាត់ថ្នាក់កម្ពុជាជា ប្រទេសសេដ្ឋកិច្ចចំណូលមធ្យមកំរិតទាប លែងជាប្រទេសចំណូលទាបទៀតឡើយ។

«កំណើនរបស់កម្ពុជានេះ គឺជាសមិទ្ធផលនៃស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចដែលសម្រេចបានដោយលំបាក។ កំណើននេះ បានឆ្លុះបញ្ចាំងឲ្យឃើញក្នុងអតិផរណាទាប ការកើនឡើងនូវរូបបីយប័ណ្ណអន្តរជាតិបម្រុង ឱនភាពសារពើពន្ធតិចតួច បំណុលសាធារណៈទាប និងគោលនយោបាយសេដ្ឋកិច្ចដ៏ប្រុងប្រយ័ត្ន»

«កម្ពុជាមានហេតុផលគ្រប់គ្រាន់ដើម្បីមានមោទនភាពចំពោះការរីកចំរើនសេដ្ឋកិច្ចរបស់ខ្លួន។ យើងបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ ៧%នៅឆ្នាំនេះ ដោយសារការនាំចេញសំលៀកបំពាក់ និងសកម្មភាពក្នុងវិស័យអចលនទ្រព្យ និងសំណង់»។ «កម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចរឹងមាំ។ ជាប្រទេសសេដ្ឋកិច្ចសេរីបើកចំហរ និងមានប្រជាជនវ័យក្មេងបើប្រៀបធៀបនឹងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត កម្ពុជានឹងទទួលបានប្រយោជន៍ច្រើន ពីទិដ្ឋភាពល្អប្រសើរនៅក្នុងតំបន់ និងពិភពលោក»
 
ចំពោះបញ្ហាប្រឈមនៃកំណើនសេដ្ឋកិច្ចកម្ពុជា លោក Mitsuhiro Furusawa បានលើកឡើងថា៖  

«បញ្ហាប្រឈមរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ តម្លៃថាមពលខ្ពស់ កង្វះខាតការផ្គត់ផ្គង់អគ្គិសនី និងកង្វះប្រព័ន្ធដឹកជញ្ជូន។» ចំពោះបញ្ហាអភិបាលកិច្ច លោក Mitsuhiro Furusawa បានគូសបញ្ជាក់ថា៖

«អភិបាលកិច្ចល្អ គឺជាការចាំបាច់។ ក្នុងបរិបទនេះ ខ្ញុំសប្បាយចិត្តដោយបានដឹងថារដ្ឋាភិបាលបានចាប់ដំណើរការ គោលនយោបាយអភិវឌ្ឍឧស្សាហកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ គោលនយោបាយនេះ សំដៅលើកចំណាត់ថ្នាក់រចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីការផលិតដោយប្រើកំលាំងពលកម្ម ទៅជាការផលិតដោយប្រើជំនាញ នៅឆ្នាំ២០២៥។ ប្រសិនបើអនុវត្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាព គោលនយោបាយនេះ នឹងអាចជំរុញឲ្យមានការធ្វើពិពិធកម្ម និងការរីកចំរើនប្រកបដោយចីរភាព”។

ជាការសន្និដ្ឋាន លោក Mitsuhiro Furusawa បានលើកឡើងថា៖

«បញ្ហាប្រឈមខាងលើមិនមែនមានតែនៅកម្ពុជាទេ។ ប្រទេសដ៏ទៃក៏មានបញ្ហាប្រឈមនេះដែរ។ អ្វីដែលចាំបាច់គឺការឆ្លើយតបដែលសមស្រប។ ក្នុងន័យនេះ គឺកំណែទម្រង់ដែលអាចឲ្យមានការធ្វើពិពិធកម្ម និងអភិបាលកិច្ចល្អ ឬក៏ដំណោះស្រាយតាមរយៈធុរៈកិច្ចដែលអាចបង្កើតការងារល្អៗ»។

លោក Mitsuhiro Furusawa អញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ