(ភ្នំពេញ)៖ លោក Luis Milla គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានលើកឡើងថា ការយកឈ្នះលើក្រុមម្ចាស់​ផ្ទះគោព្រៃកម្ពុជា ២-០ កាលពីយប់មិញ មិនមែនជារឿងចៃដន្យឡើយ ព្រោះមុនការប្រកួតលោក និងក្រុមការងារ បានសិក្សាយ៉ាងច្បាស់ពីក្រុមជម្រើសជាតិកម្ពុជា ទើបក្រុមលោកទទួលបានលទ្ធផលល្អបែបនេះ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតមិត្តភាពយប់មិញ ។ លោកបន្ដថា លោកបានដឹងច្រើនពីទម្រង់លេងរបស់កម្ពុជា ដែលគ្រូបង្វឹកលោក Leonardo Vitorino ផ្ដោតសំខាន់លើការលេងបាល់ខ្លី ដូច្នេះលោកបានត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់ និងវាយបកក្នុងការស្វែងរកគ្រាប់បាល់ ។ នេះគឺជាមូលហេតុ ដែលឥណ្ឌូនេស៊ីមានឱកាសគ្រប់គ្រងបាល់បានច្រើននៅចុងតង់ទី១ និងតង់ទី២ ដើម្បីយកឈ្នះកម្ពុជា ២-០។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានចាត់ទុកនេះ គឺជាលទ្ធផលមួយដ៏ល្អ សម្រាប់ក្រុមខ្លួន ដែលកំពុងត្រៀមខ្លួនចូលរួមការប្រកួតជម្រុះពានរង្វាន់ AFC U-23 Championships 2018 ដែលនឹងធ្វើឡើងនៅខែកក្កដាខាងមុខ ក៏ដូចជាការត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែសីហាខាងមុខផងដែរ៕