(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានលើកឡើងថា គ្រាដែលកម្ពុជាកំពុងសប្បាយរីករាយជាមួយសន្តិភាព និងវឌ្ឍនភាពសង្គមនោះ មានប្រទេសមួយចំនួននៅលើពិភពលោក ជាពិសេសតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមនឹងភ្លើងសង្រ្គាម និងអស្ថេរភាពសង្គម ដូចដែលកម្ពុជាធ្លាប់ឆ្លងកាត់យ៉ាងជូរចត់កាលពីអតីតកាលនៅឡើយ។
ជាមួយនិងការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនៅក្នុងសង្គមនេះ តាមរយៈទំព័រ Facebook នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស ដែលបានចូលរួមថែរក្សាការពារសន្តិភាព និងមានជំនឿចិត្តចំពោះការដឹកនាំរបស់សម្តេច ដែលបានប្រែក្លាយកម្ពុជាពីគំនរផេះផង់នៃភ្លើងសង្រ្គាម មកជាប្រទេសមានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ ក៏បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលមានជំនឿចិត្តយ៉ាងរឹងមាំ និងគាំទ្រឥតងាករេដល់ការដឹកនាំរបស់សម្តេច ដើម្បីបន្តការកសាង និងអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយជាប្រទេសរីកចម្រើនសម្បូរសប្បាយនៅក្នុងតំបន់អាស៊ី៕