(ភ្នំពេញ)៖ ដើម្បីផ្តល់ពន្លឹជីវិតថ្មីដល់កូនប្រុសស្រីរបស់លោក អ៉ិត សេដ្ឋា ពិធីករណ៍ពោរពេញដោយវោហាស័ព្ទដែលទើបទទួលមរណភាព នោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ លោក លី ឆេង អគ្គនាយកក្រុមហ៊ុនប៊ែលធី បានហៅកូនកំព្រាទាំង ៣នាក់ទៅទទួលយកអាហារូបករណ៍ សម្លៀកបំពាក់ និងសម្ភារៈសិក្សាមួយចំនួនរួចហើយ។
លោក លី ឆេង បានបង្ហោះនៅលើទំព័រ Facebook របស់លោកថា «ដើម្បីជួយសម្រាលបន្ទុកលោកយាយ យឹម សំអឿន និងអនាគតដ៏វែងឆ្ងាយរបស់ក្មួយៗទាំង ០៣នាក់ ថ្ងៃនេះ (០៨ មិថុនា ២០១៧) អ៊ំសូមផ្តល់អាហារូបករណ៍ពិសេសជូនដល់ក្មួយៗទាំង ០៣នាក់ ឲ្យមកបន្តការសិក្សានៅសាលាប៊ែលធីអន្តរជាតិ រហូតដល់ចប់កម្មវិធីសិក្សា»។
បើតាមការបង្ហោះលើទំព័រ Facebook លោក លី ឆេង បានផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់ការសិក្សាចំណេះដឹងទូទៅ និងភាសាអង់គ្លេស ជូនទៅកូនប្រុស និងកូនស្រីពៅ។ សម្រាប់កូនស្រីច្បងវិញ លោក លី ឆេង បានផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិមួយចប់កម្មវិធីផងដែរ។
នៅថ្ងៃម្សិលមិញនេះ លោក លី ឆេង ក៏បានផ្តល់ ឯកសណ្ឋាន ២កំផ្លេ ក្នុង ១ឆ្នាំ និងសៀវភៅពុម្ពទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសជារៀងរាល់ឆ្នាំជូនកូនកំព្រា ដែលកំពុងអង្រួនបេះដូងប្រជាពលរដ្ឋខ្មែរឲ្យអានិតអាសូរទាំង ៣នាក់នេះផងដែរ។
ក្រៅពីផ្តល់អាហារូបករណ៍ លោក លី ឆេង បានផ្តាំទៅដល់កូនៗលោក អ៉ិត សេដ្ឋា ឲ្យប្រឹងប្រែងរៀនសូត្រ ដើម្បីតបស្នងសងគុណឪពុក ដែលបានទទួលមរណភាព។ «អ៊ំសូមលើកទឹកចិត្តក្មួយៗទាំង ០៣នាក់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីតបស្នងសងគុណលោកឪពុកអ្នកម្តាយ ជាពិសេសជីដូន ដែលកំពុងបីបាច់ថែរក្សាសព្វថ្ងៃនេះ»។
សូមបញ្ជាក់ថា មរណភាពរបស់លោក អ៉ិត សេដ្ឋា កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ បានបន្សល់ទុកកូនប្រុសស្រី ៣នាក់ ដែលក្នុងនោះកូនប្រុសពិការជើងផង រួមទាំងម្តាយចាស់ម្នាក់ថែមទៀត ឲ្យរស់នៅទាំងគ្មានទីពឹង។
ក្តីសង្វេគ និងការអានិតអាសូរពីមហាជនខ្មែរបានផ្ទុះឡើងក្រោយពួកគេបានដឹង និងឃើញនូវរឿងរ៉ាវដ៏សែនកម្សត់នេះ។ ដើម្បីជួយបន្តពន្លឺ ជីវិតដល់កូនៗទាំង៣រូប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ ស្ថានីយទូរទស្សន៍ CTN បានបង្កើតមូលនិធិស្វែងរកថវិកាបានចំនួនធំសម្រាប់ទិញផ្ទះធ្វើជា ទីជម្រកជូនកូនៗ និងម្តាយរបស់លោក អ៉ិត សេដ្ឋា និងសម្រាប់ចំណាយលើជីវភាពប្រចាំថ្ងៃ។
ក្រៅពីការឧបត្ថម្ភពីសប្បុរសជនគ្រប់ទីកន្លែងនេះទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ហើយបានសន្យាជួយមើលថែចិញ្ចឹមបីបាច់កូនៗលោក អ៉ិត សេដ្ឋា និងបានចាត់ទុកពួកគេដូចជាចៅៗរបស់សម្តេចផងដែរ៕