(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តចាញ់ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវឥណ្ឌូនេស៊ីទៀត ដោយលទ្ធផលបច្ចេកទេស ២-០ នៅនានាទីទី២៥ និងចុងម៉ោង ៩០+៥ នៃជំនួបមិត្តភាពអន្តរជាតិដែលត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។
កម្ពុជា នៅតែមិនអាចស្វែងរកជ័យជំនះបានដដែល ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Leonardo Vitorino សញ្ជាតិប្រេស៊ីល ដែលបានចូលដឹកនាំគោព្រៃកម្ពុជាតាំងពីខែកុម្ភៈ ឆ្នាំ២០១៧ ជំនួសកៅអីគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon ដែលផុតកិច្ចសន្យា។
រាប់ទាំងការបរាជ័យលើកនេះទៀត កម្ពុជាបានចាញ់៣ប្រកួតមកហើយ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្លឹប Lanxang របស់ឡាវ ដោយបានចាញ់ជម្រើសជាតិឥណ្ឌា ៣-២ ក្នុងមិត្តភាព មុនទៅចាញ់ម្ចាស់ផ្ទះហ្ស៊កដានី ៧-០ ក្នុងវគ្គសន្សំពិន្ទុពូល C នៃព្រឹត្តិការណ៍ពានរង្វាន់អាស៊ី AFC Asian Cup 2019។
យ៉ាងណាក៏ដោយ ការប្រកួតមិត្តភាពអន្តរជាតិនេះ ត្រូវបានធ្វើឡើងដើម្បីដកស្រង់បទពិសោធន៍ ក៏ដូចជាបំពេញចន្លោះ ប្រហោង ខណៈកម្ពុជាត្រូវជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាននាថ្ងៃទី១៣ មិថុនា នៅស្តាតអូឡាំពិកនេះដូចគ្នា ក្នុងវគ្គសន្សំពិន្ទុនៃពូល C ជាបន្ត៕