(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញមកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍តែងតាំងបេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ដែលមិនជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤នេះ ជាទីប្រឹក្សា ឬ ជំនួយការនៅតាមក្រសួង ស្ថាប័ននានានោះឡើយ។

ការចេញមកបញ្ជាក់នេះ ធ្វើឡើងតបនឹងការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានផ្សព្វផ្សាយពីការព្រួយបារម្ភពីការប្រើប្រាស់ថវិកាជាតិ ដោយគ្មានប្រសិទ្ធភាពជុំវិញគម្រោងតែងតាំងមន្រ្តីឃុំ សង្កាត់ចាញ់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ជាជំនួយការ ឬទីប្រឹក្សាមន្រ្តីរាជរដ្ឋាភិបាល។ ក្រសួងមហាផ្ទៃចាត់ទុកការផ្សាយនេះថា ជាការលើកឡើងក្នុងគោលបំណងបំភាន់ការពិត និងធ្វើឲ្យសាធារណមតិមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលមានតែគោលការណ៍ក្នុងការរៀបចំតែងតាំងមុខតំណែងជាទីប្រឹក្សា ឬ ជំនួយការនៅតាមក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលចំពោះតែមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រងមួយចំនួន ដែលមិនបានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ តែប៉ុណ្ណោះ។

ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា ចំពោះការតែងតាំងមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ដែលមិនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់នោះទៀត គឺសំដៅប្រើប្រាស់ធនធានមនុស្សដែលមានបទពិសោធន៍ និងសមត្ថភាពជួយការងារតាមក្រសួង ស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៅតាមអង្គភាព និងនៅថ្នាក់មូលដ្ឋាននីមួយៗ៕