(ភ្នំពេញ)៖ ស្ដ្រីម្នាក់បានដើរប្រមូលលុយតុងទីនជំនួសមេ បានប្រមាណជាង២២៥,០០០ដុល្លារ តែមិនប្រគល់ឲ្យមេវិញ ក៏ត្រូវបានមេតុងទីនរូបនោះដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជួយផ្ដល់យុត្តិធម៌ជូនខ្លួន​ដែលជាម្ចាស់លុយ (មេតុងទីន)។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រូវបានតុលាការបើកសវនាការ ដើម្បីជំនុំជម្រះលើរឿងក្ដីនេះ។ តាមអង្គសវនាការ ស្ដ្រីជាជនជាប់ចោទឈ្មោះ ផាត សុផាវតី អាយុ៣៩ឆ្នាំ និងម្ចាស់លុយជាមេតុងទីនឈ្មោះ យិន រំដួល។

បន្ទាប់ពីបញ្ចប់ការសួរដេញដោល តំណាងអយ្យការ លោក វង្ស ប៊ុនវិសុទ្ធ ​​បានសម្រេចដម្កល់ការ​ចោទប្រកាន់លើបទរំលោភ​លើទំនុកចិត្ត តាមមាត្រា ៣៩១និង៣៩២ នៃក្រមព្រហ្មទណ្ឌ ហើយលោកចៅក្រមជំនុំជម្រះ អ៊ឹម វណ្ណៈ បានសម្រេចប្រកាស​សាលក្រមលើរឿង​ក្តីនេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ ប្រសិនបើមិនការប្តូរ​បទចោទ​​ប្រកាន់ទេនោះ ស្ត្រីជាប់ចោទ ឈ្មោះ ផាត សុផាវតី ប្រឈមនឹងការជាប់ពន្ធនាគារ​យ៉ាងហោចណាស់ក៏៣ឆ្នាំដែរ។

សូមរំលឹកថា ​ដើមបណ្តឹង​ដែលជាម្ចាស់បំណុលឈ្មោះ អ្នកស្រី យិន រំដួល បានឲ្យដឹងថា ក្រោយបែកធ្លាយរឿង​បាត់លុយ២២៥,០០០ដុល្លារ ឈ្មោះ ផាត សុផាវតី បានបង់រំលោះប្រចាំខែមែន ទាំងអ្នកស្រីបញ្ជាក់ថា ជាមនោសញ្ចេតនា​រាប់អានក្នុងមុខរបររាប់លុយ និងចងការប្រាក់ ទើបមានការយោគយល់ ប៉ុន្តែក្រោយមកប្រាក់បង់រំលោះ ​ក៏គ្មានមនុស្សឈ្មោះ សុផាវតី​ក៏បាត់ ក្រោយការស្វែងរកទើបដឹងបន្ថែមថា កូនបំណុលរូបនេះបានរំលោភលើទំនុកចិត្ត ហេតុដូច្នេះបានជាអ្នកស្រី​សំរេចចិត្ត ដាក់ពាក្យបណ្តឹងមកសាលាដំបួងរាជធានីភ្នំពេញ រកយុត្តិធម៌តាមផ្លូវច្បាប់​៕