(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បន្ដដឹកនាំក្រុមការងារចុះសំណេះសំណាល ជាមួយមេភូមិ សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការ ក្នុងស្រុកសូទ្រនិគម នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក ឃឹម ប៊ុនសុង បាននាំនូវការសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប។
ក្នុងនោះដែរ អភិបាលខេត្តសៀមរាប ក៏បានកោតសសើរ ពីការខិតខំយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោត ក្រោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ធានាបានសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ មិនឲ្យមានកើតនូវអំពើហិង្សាអ្វីឡើយនាពេលកន្លងមកនេះ។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង បានណែនាំដល់សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីរាជការត្រូវយកចិត្ត ទុកដាក់ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួន ដើម្បីបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន ដោយលោកបានសង្កត់ធ្ងន់ថា គ្រប់សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការណាដែលបានធ្វើឲ្យមានកំហុសឆ្គង ប៉ះពាល់ បាត់បង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវទទួលទោសទណ្ឌទៅតាមច្បាប់រដ្ឋបាលដែលបានកំណត់។
យ៉ាងណាមិញ លោកផ្តាំផ្ញើដល់មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីធានាបាននូវភាពរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន និងបន្តធ្វើកិច្ចអភិវឌ្ឍន៍ភូមិឃុំ ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងត្រូវធ្វើការជម្រុញដល់ប្រជាពលរដ្ឋលើការងារបង្កបង្កើនផលឲ្យបានទាន់រដូវ ដោយបច្ចុប្បន្ននេះភ្លៀង បានកំពុងធ្លាក់ស្រោចស្រពនៅគ្រប់តំបន់ផងដែរ។
ជាមួយគ្នានោះដែល តំណាងក្រុមប្រឹក្សាឃុំ ដែលបានលើកឡើងពីលទ្ធផល និងបញ្ហាប្រឈម ក៏ត្រូវបានលោកអភិបាលខេត្ត បកស្រាយបំភ្លឺ អំពីចំណោទបញ្ហាទៅលើកញ្ចប់ថវិកាអភិវឌ្ឍន៍ភូមិឃុំ គឺគ្រប់បណ្តាឃុំទាំងអស់ ត្រូវតែបន្តធ្វើការអភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួនឲ្យកាន់តែរីកចម្រើនថែមទៀត៕