(សៀមរាប)៖ ក្នុងអំឡុងពេល២សប្តាហ៍ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកនេះ សកម្មភាពរំលោភសាងសង់ ចាក់ដីបំពេញខុសច្បាប់ក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរមានការកើនឡើង យ៉ាងគំហុក បង្កឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់តម្លៃលេចធ្លោជាសកល នៃបេតិកភណ្ឌក៏ដូចជាកិច្ចការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាព នៃរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក និងជាអត្តសញ្ញាណជាតិដ៏ថ្លៃថ្លានៃកម្ពុជា។
តំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរត្រូវបានកំណត់ដោយព្រះរាជក្រឹត្យលេខ០០១នស ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ជាតំបន់គ្របដណ្តប់យ៉ាងច្រើន ដោយប្រាសាទបុរាណ និងសំណល់បុរាណវិទ្យា ដែលចាំបាច់ត្រូវការពារក្នុងកម្រឹតខ្ពស់បំផុត។
គួរកត់សម្គាល់ថា ព្រះរាជក្រឹត្យលេខ០០១នស គឺជាព្រះរាជក្រឹត្យដំបូងបង្អស់ ដែលចុះព្រះហស្ថលេខាដោយព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ បន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជសម្បត្តិជាថ្មីម្តងទៀត នៅឆ្នាំ១៩៩៣។
យោងតាមរបាយការណ៍របស់ក្រុមការងារ នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា ដែលបានតាមដាន និងធ្វើរបាយការណ៍ពីសកម្មភាពសាងសង់ ចាក់ដីបំពេញសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ បានបញ្ជាក់ថារយៈពេល២សប្តាហ៍ខាងលើ មានសកម្មភាពសាងសង់ ចាក់បំពេញដីខុសច្បាប់សរុបមាន៥២៣ករណី ដែលក្នុងនោះមានការរំលោភសាងសង់កៀកនឹងកំផែងប្រាសាទបន្ទាយក្តីដែរ។
សកម្មភាពរំលោភសាងសង់ ចាក់ដីបំពេញខុសច្បាប់ទាំងនេះ បានក្លាយជាសកម្មភាពអវិជ្ជមានដ៏ធ្ងន់ធ្ងរក្នុងការងារថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរដែលសហគមន៍អន្តរជាតិ និងអង្គការយូណេស្កូតែងតែចាត់ទុកជាគំរូ ត្រូវយកតម្រាប់តាមជាលក្ខណៈអន្តរជាតិ ក៏ដូចជាធ្វើឲ្យអាប់ឱនដល់កិត្យានុភាពរបស់កម្ពុជា ក្នុងឆាកអន្តរជាតិលើ វិស័យថែរក្សា ការពារបេតិកភណ្ឌ។ លើសពីនេះ សកម្មភាពខុសច្បាប់ទាំងនេះ អាចរំខានដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការព្យាយាមបញ្ចូលប្រាសាទបុរាណខ្មែរមួយចំនួនទៀត ជារមណីយដ្ឋាន បេតិកភណ្ឌពិភពលោកផងដែរ។
ក្នុងស្មារតីមោទនភាព ស្រឡាញ់ ថែរក្សា និងចូលរួមលើកតម្លៃមរតកដូនតាដែលមានតម្លៃមិនអាចកាត់ថ្លៃបាន អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ម្ចាស់សំណង់ ម្ចាស់ដីចាក់បំពេញខុសច្បាប់ទាំងអស់ មេត្តារុះរើសំណង់ទាំងនោះវិញ ដោយស្ម័គ្រចិត្ត និងសហការខ្ពស់ ហើយក្នុងករណីម្ចាស់សំណង់ ម្ចាស់ដីចាក់បំពេញខុសច្បាប់បន្តល្មើសនិងមិនព្រមរុះរើ អាជ្ញាធរជាតិអប្សរាដោយស្របតាមស្មារតីអង្គប្រជុំ នៅសាលាខេត្តសៀមរាបរវាងសាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរានាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នឹងសហការជាមួយកម្លាំងចម្រុះ នៃរដ្ឋបាលសាលាខេត្តសៀមរាប អាជ្ញាធរដែនដី ចុះរុះរើនាពេលខាងមុខដ៏ខ្លី។
អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ម្ចាស់សំណង់ ម្ចាស់ដីចាក់បំពេញខុសច្បាប់ទាំងអស់ នឹងសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រអង្គរប្រកបដោយស្មារតីគោរពស្រឡាញ់បេតិកភណ្ឌដូនតា ដើម្បីបន្តការពារទុកឲ្យបាន គង់វង្សតកូនតចៅ គ្រប់ជំនាន់ខាងក្រោយៗទៀត៕