(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង ៥៖០០នាទី ល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋចំនួន ១៨២គ្រួសារហើយ ដែលបានអញ្ជើញទៅបើកមូលប្បទានបត្រ (សែកប្រាក់) នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងប្រាក់សុទ្ធ ១០០ដុល្លារ រួមទាំងអំណោយមាន សារ៉ុង ក្រមាជាដើម បន្ទាប់ពីពួកគេ បានរុះរើសម្ភារៈ ចេញពីលំនៅដ្ឋានរួចរាល់ ពោលនៅសល់៣១១គ្រួសារទៀតទេ។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីក្រសួងដែនដី។
ការរើសម្ភារៈនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ «ស» ព្រមព្រៀងឯកភាពលក់អគាររបស់ពួកគេ ក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជូនទៅក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន និងបន្ទាប់ពីពួកគេបានធ្វើ កិច្ចសន្យាទិញ-លក់រួចរាល់ ជាមួយក្រសួងរៀបចំដែនដី ក្រោមការសម្របសម្រួលរបស់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បន្ទាប់ពីការរុះរើចេញហើយនោះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នឹងធ្វើពិធីជប់លៀង ពិសាអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋអ្នកប៊ូឌីញ ហើយប្រជាពលរដ្ឋក៏បានមូលមតិគ្នា រៀបចំពិធីលាម្ចាស់ទឹកម្ចាស់ដី តាមទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ។
សូមបញ្ជាក់ថា អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ឡើង តាំងពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន៤៩៣គ្រួសារ ។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយ ក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្ម បែបទំនើបមួយមានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕