(ភ្នំពេញ)៖ លោក សៀង សុខ ជាព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះថា ខណៈនេះតុលាការក្រុង កំពុងបន្តការត្រួតពិនិត្យឯកសារពាក់ព័ន្ធ និងភស្តុតាងរបស់បុរសជនជាតិអូស្រ្តាលីម្នាក់ ឈ្មោះ James Ricketson ដែលសង្ស័យធ្វើចារកម្មនៅកម្ពុជា ក្រោយពីបញ្ចប់ការសាកសួរលើជនសង្ស័យរូបនេះ ដើម្បីសម្រេចសេចក្តីតាមនីតិវិធីច្បាប់។
ជនសង្ស័យបានធ្វើចារកម្មនៅកម្ពុជា នាអំឡុងពេលឃោសនារកសំឡេងឆ្នោត ពោលជននេះបានធ្វើសកម្មភាពដោយគ្មានការជូនដំណឹង និងគ្មានការអនុញ្ញាតពីសមត្ថកិច្ចនោះទេ ហើយត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។
បុរសជនជាតិអូស្រ្តាលីម្នាក់នេះ បានចូលក្នុងប្រទេសកម្ពុជា ធ្វើសកម្មភាពលួចយកព័ត៌មាននានា ពិសេសព័ត៌មានពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ដើម្បីយកទៅផ្សព្វផ្សាយនៅក្រៅប្រទេស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងព្យាយាមបិទបាំងអត្តសញ្ញាណ កន្លែងស្នាក់នៅ និងលិខិតឆ្លងដែនរបស់ខ្លួនថែមទៀតផង។
បន្ទាប់ពីត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនហើយ កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ក៏បានបញ្ជូនជនសង្ស័យនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបន្តការសួរនាំបន្តទៀតចាត់ការតាមនីតិវិធី៕