(ភ្នំពេញ)៖ លោក លី ឆេង អគ្គនាយកសាលាប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានលើកឡើងថា សាលាប៊ែលធី អន្តរជាតិ សម្រេចផ្ដល់អាហារូបករណ៍ ១០០% ដល់កូនទាំង ៣នាក់ របស់សពលោក អ៊ិត សេដ្ឋា ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយលោកយាយ យឹម សំអឿន ដែលត្រូវជាម្តាយរបស់សពលោក អ៊ិត សេដ្ឋា ពិធីករដ៏មានប្រជាប្រិយភាព ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN លោក លី ឆេង បានមានប្រសាសន៍ថា "ដើម្បីជួយសម្រាល បន្ទុកលោកយាយ យឹម សំអឿន និងអនាគតដ៏វែងឆ្ងាយ របស់ក្មួយៗទាំង ៣នាក់ ថ្ងៃនេះ យើងបានសម្រេចផ្តល់ អាហារូបករណ៍ពិសេស ជូនដល់ក្មួយៗទាំង ៣នាក់ ឲ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ រហូតដល់ចប់កម្មវិធីសិក្សា" ។

ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ របស់លោក លី ឆេង នៅថ្ងៃទី៨ មិថុនានេះ បានឲ្យដឹងថា អាហារូបករណ៍ដែល ទទួលបាននោះរួមមាន៖ ១.ទទួលបានអាហារូបករណ៍ ១០០% សិក្សាទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស, ២.ឯកសណ្ឋាន ២កំផ្លេ ក្នុង ១ឆ្នាំ, ៣.សៀវភៅពុម្ភទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសជារៀងរាល់ឆ្នាំ ។ លើសពីនេះទៅទៀត ក្មួយស្រីច្បងនឹងទទួលបាន អាហារូបករណ៍បន្ថែមមួយទៀតគឺ អាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិមួយចប់ កម្មវិធីសិក្សាផងដែរ ។

ក្នុងឱកាសនោះលោកអគ្គនាយក ក៏បានលើកទឹកចិត្តដល់កូនៗទាំង ៣នាក់ របស់សពលោក អ៊ិត សេដ្ឋា ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីតបស្នង សងគុណឪពុកអ្នកម្តាយ ជាពិសេស ជីដូនដែលកំពុងបីបាច់ ថែរក្សាសព្វថ្ងៃនេះ ។

សូមបញ្ជាក់ថា លោក អ៊ិត សេដ្ឋា បានទទួលមរណភាពកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ចំពេលវេលាដែលកម្ពុជាកំពុងរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ បន្ទាប់ពីលោកបានស្លាប់ទៅ ស្ថានភាពក្នុងគ្រួសារ និងជីវិតរស់នៅប្រចាំរបស់លោកត្រូវបានបង្ហាញឲ្យសាធារណជនទូទាំងបានដឹង ដោយជីវភាពមានការលំបាកជាខ្លាំង ធ្វើឲ្យមានការអាណិតអាសូរជាខ្លាំងពីរាជរដ្ឋាភិបាល និងពលរដ្ឋនៅទូទាំងប្រទេស៕