(ភ្នំពេញ)៖ សេចក្តីស្នើច្បាប់ស្តីពីការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានគណៈកម្មាធិការ អចិន្រ្តៃយ៍ នៃរដ្ឋសភា លើកយកមកពិភាក្សា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧នេះ។ វិសោធកម្មច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីបន្ថែមកៅអី ១អសនៈទៀត នៅក្នុងស្ថាប័នព្រឹទ្ធសភា ដែលអាចនឹងធ្វើឱ្យសមាជិកព្រឹទ្ធសភា កើនឡើងដល់ចំនួន៦២រូប នាពេលខាងមុខ។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពេលបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភា នៅថ្ងៃព្រហស្បត្តិ៍នេះថា ការសម្រេចកែសម្រួលអសនៈ នៅក្នុងព្រឹទ្ធសភានេះ ធ្វើឡើងបន្ទាប់ពីមានការចរចានយោបាយ រវាងគណបក្សឈ្នះឆ្នោតទាំងពីរ នៅក្រោយ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៣។
លោក ឈាង វុន បានបញ្ជាក់ថា៖ «ក្រោយមានការចរចានយោបាយ រវាងគណបក្សទាំងពីរ នៅក្រោយការបោះឆ្នោត ឆ្នាំ២០១៣ យើងបានស្រុះស្រួលគ្នាបន្ថែមអសនៈតំណាងរាស្រ្ត នៅខេត្តព្រះសីហនុ ចំនួន២អសនៈទៀត ដូច្នេះអសនៈនៃរដ្ឋសភា គឺត្រូវស្មើនឹង ២ដងនៃសមាជិកព្រឹទ្ធសភា អញ្ចឹងដោយសារសមាជិករដ្ឋសភា ត្រូវថែម២អសនៈ សមាជិកព្រឹទ្ធសភា ក៏ត្រូវថែម១អសនៈ»។
យ៉ាងណាក៏ដោយ លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដែលបានចូលរួម ប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍នៃរដ្ឋសភា បានគាំទ្រចំពោះ ការធ្វើវិសោធនកម្មច្បាប់ដើម្បីបន្ថែមអសនៈនៅក្នុងព្រឹទ្ធសភា នាពេលនេះ។ លោកបានបញ្ជាក់ថា នៅក្នុងសេចក្តីស្នើច្បាប់នោះ ក៏មានការស្នើប្តូរអំពីយុទ្ធនាការឃោសនាពី២១ថ្ងៃ មកនៅ១៤ថ្ងៃផងដែរ ព្រមទាំងកែប្រែមួយចំនួនចំពោះ ប្រការដែលចែងអំពីសមាជិកអង្គបោះឆ្នោត។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅព្រឹកមិញ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានសម្រេចប្រគល់សេចក្តីស្នើនេះ ជូនគណៈកម្មការទី៩ ដើម្បីពិនិត្យ និងសិក្សាឱ្យបានល្អិតល្អន់សិន មុននឹងដាក់ជូន កិច្ចប្រជុំពេញអង្គអនុម័ត។
សូមបញ្ជាក់ថា ព្រឹទ្ធសភាត្រូវមានសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ នីតិកាលរបស់ព្រឹទ្ធសភា មានកំណត់រយៈពេល៦ឆ្នាំ ហើយអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំងអស់៕