(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ យោងតាមលទ្ធផល បឋមក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាទទួលបានដំណែងជាមេឃុំចៅសង្កាត់ ទូទាំងប្រទេសរហូតទៅដល់១,១៦៣ឃុំ-សង្កាត់ ហើយគណបក្សសង្គ្រោះជាតិ ទទួលបានដំណែងជាមេឃុំចៅសង្កាត់ ត្រឹមតែ៤៨២ឃុំ-សង្កាត់ប៉ុណ្ណោះ ខណៈដែលគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ទទួលបាន១ឃុំ នៅឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លទ្ធផលដដែលនេះ បានបង្ហាញទៀតថា ក្នុងចំណោមឃុំ-សង្កាត់ទាំង១,៦៤៦ ខេត្តចំនួន៣ ក្នុងចំណោម២៥រាជធានី-ខេត្ត ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានដំណែងជាមេឃុំចៅសង្កាត់ទាំងអស់ គ្មានធ្លាក់ទៅលើគណបក្សសង្គ្រោះជាតិនោះទេ គឺខេត្តពោធិ៍សាត់ មានចំនួន៤៩ឃុំ-សង្កាត់ ខេត្តមណ្ឌលគិរី មានចំនួន២១ឃុំ-សង្កាត់ និងខេត្តកែប មានចំនួន៥ឃុំ-សង្កាត់។
ជាមួយគ្នានេះ នៅតាមខេត្តច្រើនផ្សេងទៀត គណបក្សប្រជាជនកម្ពុជា បានទទួលដំណែងជាមេឃុំចៅសង្កាត់ស្ទើរទាំងអស់ ដូចជា៖
ខេត្តឧត្តរមានជ័យ គណបក្សប្រជាជនកម្ពុជា ទទួលបាន២៣ឃុំ-សង្កាត់ រីឯគណបក្សសង្គ្រោះជាតិ ទទួលបាន១ឃុំ, ខេត្តប៉ៃលិន គណបក្សប្រជាជនកម្ពុជា ទទួលបាន៧ឃុំ-សង្កាត់ រីឯគណបក្សសង្គ្រោះជាតិទទួលបាន១ឃុំ, ខេត្តស្ទឹងត្រែង គណបក្សប្រជាជនកម្ពុជា ទទួលបាន៣៣ឃុំ-សង្កាត់ រីឯគណបក្សសង្គ្រោះជាតិ ទទួលបាន១ឃុំ, ខេត្តរតនគិរី គណបក្សប្រជាជនកម្ពុជា ទទួលបាន៤៨ឃុំ-សង្កាត់ រីឯគណបក្សសង្គ្រោះជាតិ ទទួលបាន២ឃុំ, ខេត្តព្រះសីហនុ គណបក្សប្រជាជនកម្ពុជា ទទួលបាន២៦ឃុំ-សង្កាត់ រីឯគណបក្សសង្គ្រោះជាតិ ទទួលបាន៣ឃុំ, ខេត្តកោះកុង គណបក្សប្រជាជនកម្ពុជា ទទួលបាន២៦ឃុំ-សង្កាត់ រីឯគណបក្សសង្គ្រោះជាតិ ទទួលបាន៣ឃុំ។
កាលពីប៉ុន្មានថ្ងៃមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែបង្ហាញក្តីរីករាយ ចំពោះលទ្ធផល ព្រោះការបោះឆ្នោតនេះបើធៀបឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានកើនសំឡេងឆ្នោតជាង៣០ម៉ឺនសម្លេង។ តាមរយៈលទ្ធផលនេះបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តដណ្តើមបានជ័យជម្នះនៅឆ្នាំ២០១៨ ក្នុងការដឹកនាំរាជរដ្ឋាភិបាល៕
អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងប្រជាពលរដ្ឋ នៅក្នុងខេត្តអញ្ជើញទៅបោះឆ្នោត
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងប្រជាពលរដ្ឋ នៅក្នុងខេត្តអញ្ជើញទៅបោះឆ្នោត
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ប្រធានក្រុមការងារចុះជួយខេត្តកែប ដឹកនាំសមាជិកបិទយុទ្ធនាការថ្ងៃចុងក្រោយ នៅខេត្តកែប