(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានព្រមានដល់អ្នកវិភាគមួយចំនួន ដែលរិះគន់ គណបក្សកាន់អំណាច ឱ្យពិចារណានៅក្នុងការផ្លាស់ប្តូរ បេក្ខភាពនាយករដ្ឋមន្រ្តី បន្ទាប់ពីលទ្ធផលបឋមនៃការបោះឆ្នោតឃុំ/សង្កាត់ អាណត្តិទី៤ បង្ហាញថា គណបក្សប្រឆាំង បានកើនឡើងនូវចំនួន ឃុំ/សង្កាត់ជាង៤០០នៅទូទាំងប្រទេស។
លោក សុខ ឥសាន បានគូសបញ្ជាក់ថា ការដាក់បេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តអាណត្តិក្រោយៗនេះ គឺអាស្រ័យលើ គណបក្ស ប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ហើយមិនមានជនណា ឬបណ្ឌិតណា អាចលូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាឡើយ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រែប្រួលតួលេខសំឡេងឆ្នោត និងចំនួនអាសនៈ ជារឿងធម្មតា នៅក្នុងប្រទេស ដែលប្រកាន់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ចំណែកបេក្ខភាព នាយករដ្ឋមន្ត្រីរបស់គណបក្ស អាស្រ័យលើការសម្រេចរបស់គណបក្ស ស្របតាមគោលការណ៍ និងលក្ខន្តិកៈគណបក្ស គ្មានជនណា អ្នកវិភាគណា មហាបណ្ឌិតណា មកឈឺឆ្អាលជំនួស គណបក្សប្រជាជនកម្ពុជា បានជាដាច់ខាត»។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីសាស្ត្រាចារ្យផ្នែកកិច្ចការការទូត និងទំនាក់ទំនងអន្តរជាតិ នៅមហាវិទ្យាល័យ អុកស៊ីឌែនថល (Occidental College) នៅទីក្រុង Los Angeles លោក អៀ សុផល បានលើកឡើងថា បក្សប្រជាជនគួរពិចារណាជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី»។ លោក អៀ សុផល បានអះអាងតាមរយៈវិទ្យុអាស៊ីសេរី កាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជា បានធ្លាក់ចុះសំឡេងឆ្នោតពីជិត ៦២% មកនៅត្រឹម ៥១%។ នៅក្នុងប្រទេសដទៃទៀត ការទទួលបាន លទ្ធផលយ៉ាងដូច្នេះ អាចនឹងធ្វើឲ្យគណបក្សត្រូវពិចារណាមើលឡើងវិញអំពីយុទ្ធសាស្ត្ររបស់ខ្លួន ឬក៏ប្រហែលជា ឈានទៅដល់ការពិចារណាឡើងវិញ អំពីជម្រើស នៃការដាក់បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីផងដែរ។
ពាក់ព័ន្ធបញ្ហានេះ លោក សុខ ឥសាន បានចាត់ទុកថា ការលើកឡើងរបស់ លោក អៀ សុផល មានលក្ខណៈលម្អៀងផ្នែកនយោបាយ និងដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ក្នុង និងក្រៅប្រទេស។ បើ លោក អៀ សុផល ជាមនុស្សខ្លាំង គួរបង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងគ្នា។ លោកថា «បើយល់ថា គណបក្សប្រជាជនកម្ពុជា ចុះខ្សោយហើយ នោះជាឱកាសល្អដែលអស់លោកគួរតែបង្កើតគណបក្សមួយ ដើម្បីប្រកួតប្រជែងបោះឆ្នោតទៅ ជាការប្រសើរ បើប្រជាជនគាំទ្រអស់លោក អស់លោក កាន់អំណាច តាមការឈ្នះឆ្នោតនោះទៅ។ នេះហើយហៅថាលទ្ធិប្រជាធិបតេយ្យនោះ មិនបាច់និយាយបន្លំ បោកប្រាស់ប្រជាជន ដោយលំអៀងនយោបាយទេ»។
លទ្ធផលបឋម និងក្រៅផ្លូវការ ដែលស្រង់ពីភាគីពាក់ព័ន្ធនានា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តនាំមុខ ហើយឈ្នះក្នុងការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០១៧នេះ ក្នុងចំណោមឃុំសង្កាត់ចំនួន ១៦៤៦ នៅទូទាំងប្រទេស។ ចំណែកឯគណបក្សប្រឆាំង ទទួលបានជាង៤០០ឃុំ/សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន១ឃុំ ក្នុងខេត្តបន្ទាយមានជ័យ។
តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ផ្អែកលើលទ្ធផលបឋមនៃ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ទទួលបានតំណែងជាមេឃុំ ចៅសង្កាត់សរុបចំនួនជាង១១៥០ ស្មើនឹងជាង៧០%លើឃុំសង្កាត់ សរុបទូទាំងប្រទេសចំនួន ១៦៤៦ឃុំសង្កាត់ និងទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ចំនួនប្រមាណ៦៥១២ អាសនៈ ស្មើនឹងប្រមាណ ៥៦,២៧% លើអាសនៈសរុបទូទាំងប្រទេសចំនួន ១១៥៧២»។
សម្តេចបានបញ្ជាក់ថា បើគិតជាចំនួនសំឡេងឆ្នោត សរុបទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតប្រមាណជាង ៣,៥០០,០០០សំឡេង ស្មើនឹងប្រមាណ ៥១% នៃសន្លឹកឆ្នោតបានការសរុប ដែលកើនឡើងប្រមាណ ជាង៣០ម៉ឺនសំឡេង បើធៀបនឹងការបោះឆ្នោត កាលពីឆ្នាំ២០១៣៕