(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា (CPP) របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ដោយទទួលបានសំឡេងគាំទ្រ ៥១ភាគរយ ដែលនេះមានន័យថា គណបក្សកាន់អំណាចមួយនេះ នៅតែអាចគ្រប់គ្រងជាង ៧០ភាគរយ នៃឃុំសង្កាត់សរុបចំនួន១,៦៤៦ទូទាំងប្រទេសកម្ពុជា។ នេះបើតាមលទ្ធផលបឋមចេញផ្សាយដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន The Diplomat ដ៏ល្បាញល្បីមួយរបស់ពិភពលោកដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។
សម្រាប់គណបក្សសង្រ្គោះជាតិ (CNRP) លទ្ធផលបឋមនេះអាចជារឿងខកចិត្ត ត្បិតប្រធានបក្សប្រឆាំងមួយនេះគឺ លោក កឹម សុខា ធ្លាប់បានអះអាងនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា គណបក្សរបស់លោកអាចនឹងគ្រប់គ្រងឃុំសង្កាត់យ៉ាងហោចណាស់ ៦០ភាគរយ ប៉ុន្តែផ្ទុយទៅវិញបើតាមលទ្ធផលបឋម គណបក្សប្រឆាំងមួយនេះ ប្រមូលបានការគាំទ្រត្រឹមតែ ៤៦ភាគរយប៉ុណ្ណោះ បើទោះជាសំឡេងនេះ មានការកើនឡើងបើធៀបទៅនឹងអាណត្តិមុនៗក៏ដោយ។
សារព័ត៌មានបរទេសដ៏ល្បីល្បាញដដែលមួយនេះ បានបន្តផ្សាយថា ជាងនេះទៅទៀត លោក កឹម សុខា ផ្ទាល់ក៏បានសន្យាផងដែរថា នឹងបង្កើនកញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍឃុំសង្កាត់ រហូតដល់ទៅ ៥០០,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំដល់ឃុំនីមួយៗរបស់គណបក្សសង្រ្គោះជាតិ។ ក៏ប៉ុន្តែជុំវិញការសន្យា នេះដែរ អ្នកវិភាគម្នាក់នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានគូសបញ្ជាក់ថា គោលនយោបាយនេះទំនងជាមិនអាចទុកចិត្តបានឡើយ ពីព្រោះបើគិតជាថវិកាសរុប គេត្រូវចំណាយលើឃុំនីមួយៗក្នុងមួយឆ្នាំ មានរហូតដល់ជាង៨២៣លានដុល្លារឯណោះ។ ដូច្នេះសួរថា តើគណបក្សសង្រ្គោះជាតិ មានលុយមកពីណា បើរាជរដ្ឋាភិបាលនៅតែស្ថិតនៅក្រោមការគ្រប់គ្រង របស់គណបក្សប្រជាជន ពោលគឺនិយាយឱ្យចំទាល់តែគណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ ខាងមុខនេះសិន ទើបរឿងសន្យានេះអាចយកមកនិយាយឡើងវិញបាន។
ការចេញផ្សាយបែបនេះរបស់ The Diplomat ស្របពេលដែលមានឯកសារដ៏សំខាន់មួយដែលជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបែកធ្លាយ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា អះអាងពីការទទួលបានជោគជ័យ ដ៏ធំធេង លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រហូតដល់ជាង៧០% និងដាក់ផែនការជំរុញការពង្រីកសមាជិកបក្សបន្ថែមទៀត ពង្រឹងសាមគ្គីភាព ដើម្បីបង្កើនសន្ទុះនៃការគាំទ្រ និងបន្តបាញ់ឆ្ពោះទៅថ្នាក់មូលដ្ឋាន សំដៅឈានឆ្ពោះទៅកាន់ជ័យជម្នះរឹតតែធំធេងជាងនេះថែមទៀត សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ខាងមុខនេះ៕