(ភ្នំពេញ)៖ ពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងកម្ពុជា ដែលជាពិព័រណ៍អន្តរជាតិ និងជាធនធានដ៏ល្អបំផុត សម្រាប់សម្ភារសំណង់ ស្ថាបត្យកម្ម ការរចនាផ្នែកខាងក្នុង គ្រឿងសង្ហារឹម និងការតុបតែងនៅកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី​០៨​ខែមិថុនា ដែលមានរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DIECC) ក្រោមអធិបតីភាពរបស់លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ជាអគ្គលេខាធិការដ្ឋាន គណៈស្ថាបត្យករកម្ពុជា, លោកអគ្គរាជទូត នៃស្ថានទូតរាជាណាចក្រថៃ និងប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) ​ជាច្រើនរូបទៀត។

លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ជាអគ្គលេខាធិការដ្ឋាន គណៈស្ថាបត្យករកម្ពុជា បានថ្លែងក្នុងពិធីបើកពិព័រណ៍នេះ «ឲ្យដឹងថា ការតាំងពិព័រណ៌ជាលើកទី២ នៅក្នុងប្រទេសកម្ពុជានេះ ជាពេលវេលាដ៏ល្អមួយ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ គឺចំពេលដែលវិស័យ​ស្ថាបត្យកម្មសំណង់ ក្នុងប្រទេសកម្ពុជា កំពុងតែរីកចម្រើនយ៉ាងខ្លាំង និងបានផ្តល់នូវការងារជាច្រើន ដល់កម្ម​ករសំណង់ កម្មករជំនាញ អ្នកជំនាញវិស័យនេះ​មានស្ថាបត្យករ វិស្វករ អ្នកតុបតែងក្នុងអគារ អ្នករកទទួលទាន លើវិស័យអចលនទ្រព្យ លំនៅដ្ឋាន សណ្ឋាគារ ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការធ្វើចំណាកស្រុករបស់បងប្អូន ប្រជាពលរដ្ឋយើង»

លោករដ្ឋលេខាធិការរូបនេះ បន្តទៀតថា ការតាំងពិព័រណ៌នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលអ្នកវិនិយោគលើវិស័យស្ថាបត្យកម្ម និងដេរគ័រ និងវិស័យឧស្សាហកម្មសំណង់ និងការសាងសង់​មិនគួរមើលរំលងទេ ពីព្រោះទីផ្សារអចលនទ្រព្យការងារ វិនិយោគលើវិស័យសំណង់ ស្ថាបត្យកម្មនៅប្រទេស​កម្ពុជា ត្រូវបានចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកវិនិយោគិន​ជាតិ-អន្តរជាតិ ជាពិសេសក្នុងតំបន់អាស៊ាន អាស៊ី និងសមាគមន៍អន្តរជាតិ នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងតាមទិន្នន័យ សំណង់របស់ក្រសួងដែនដី បានបង្ហាញឲ្យឃើញថា ឆ្នំានេះ ការហូរចូលរបស់អ្នកវិនិយោគទុន​បរទេស នៅក្នុងវិស័យសំណង់ មានការរីកចម្រើនដ៏ខ្លាំងក្លា ដែលអាចចាត់ទុកថា មានប្រៀបខ្លាំងនៅក្នុងការប្រកួតប្រជែង និងផ្តល់កំណើនខ្ពស់ ក្នុងការជម្រុញសេដ្ឋកិច្ចជាតិ។

លោកបន្ថែមថា តាមទិន្នន័យសំណង់​ក្នុងឆ្នាំ២០១៦កន្លងមកនេះ ទុនវិនិយោគលើវិស័យសំណង់ បានកើនឡើង​រហូតដល់ជាង ៨.៥៣៤លានដុល្លារអាមេរិក បើបៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៥ ដែលមានទុនវិនិយោគប្រមាណជាង ៣.៣៣៩លានដុល្លារអាមេរិក គឺមានចំនួនខុសគ្នា ដល់ទៅពីរដងកន្លះ ស្មើនឹង១៦៣% ដែលមានវិស័យសំណង់ និងស្ថាបត្យកម្ម ទទួល​បានជាប់ចំណាត់ថ្នាក់ទី៣ សម្រាប់ចំណូលថវិកាជាតិ​ បន្ទាប់ពី វិស័យកាត់ដេរ និងទេសចរណ៍។

លោកបានសង្កត់ធ្ងន់ថា វិស័យសំណង់អគារមានការរីកចម្រើន យ៉ាងខ្លាំងស្របពេល ដែលកំណើនសេដ្ឋកិច្ចឡើងខ្ពស់ ក៏អាស្រ័យដោយមានគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលផ្តល់នូវទស្សនទានថ្មី លើវិស័យសំណង់អគារ ដោយដាក់ចេញនូវគោលនយោបាយ លើកទឹកចិត្តឲ្យមានសំណង់​អគារទំនើបខ្ពស់ៗ នៅតាមទីតាំងនានា ដែលសមស្របដូចជា នៅរាជធានីភ្នំពេញ មានអគារដែលមានកម្ពស់ចាប់៥ជាន់ឡើង ទៅចំនួន៧១៩អគារ បុរីលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋាន មានលក្ខណៈបុរី មានចំនួន​១៣៤ទីតាំង ព្រមទាំងជំរុញឲ្យមានការកសាងទីក្រុងរណបថ្មីៗ តំបន់សេដ្ឋកិច្ចពិសេស (SEZ) និងអគារឧស្សាហកម្ម ជាដើម។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំមុនមក ស្ថាបត្យកម្ម និងការតុបតែងកម្ពុជា បានធ្វើឲ្យមានកំណើន ២៥% ដោយស្វាគមន៍ដល់ក្រុមហ៊ុន និងម៉ាកល្បីៗក្នុងស្រុក និងក្រៅស្រុក​ចំនួន ១៥០ ដូចជា វេទិកាអន្តរជាតិមកពីប្រទេសថៃ និង អ្នកតាំងពិព័រណ៍ មកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី វៀតណាម អ៊ីតាលី មីយ៉ាន់ម៉ា និងប្រទេសចិន។ ព្រឹត្តិការណ៍សំខាន់ៗនៅឆ្នាំនេះ មានដូចជា ផលិតផលថ្មីៗ ដែលចាប់ផ្តើមលក់លើកដំបូងនៅកម្ពុជា ការបង្ហាញផលិតផលរស់រវើក ការបង្ហាញផលិតផលដែល​មានគំនិតច្នៃប្រឌិត ដើម្បីការពារបរិស្ថានរៀបចំ ដោយក្រុមហ៊ុន SCG Cambodia សិក្ខាសាលាស្តីពី «វិជ្ជាជីវៈស្ថាបត្យកម្ម និងបរិស្ថានសាងសង់» រៀបចំដោយសមាគមស្ថាបត្យករកម្ពុជា ការបង្ហាញការប្រកួតប្រជែង គូរប្លង់របស់សមាគមស្ថាបត្យករកម្ពុជា និងកម្មវិធីភោជនីយអាហារពេលល្ងាច សម្រាប់កសាងបណ្តាញទំនាក់ទំនងស្ថាបត្យករកម្ពុជា ឆ្នាំ ២០១៧។

ការតាំងពិព័រណ៍នេះ បានទទួលការឧបត្តម​ដោយក្រុមហ៊ុន SCG Cambodia ដែលជាតួអង្គដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ នៅក្នុងឧស្សាហកម្មអគារ និងសំណង់ និង​ក្រុមហ៊ុន HENG Asia ដែលជាក្រុមហ៊ុនចែកចាយសម្ភារសំណង់ នាំមុខគេមួយនៅកម្ពុជា។ កម្មវិធីនេះ គឺជាព្រឹត្តិការណ៍ដែលត្រូវតែ ចូលរួមសម្រាប់ស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍវិស័យ​អចលនទ្រព្យ អ្នកម៉ៅការ ឈ្មួញ អ្នកវិជ្ជាជីវៈ និងសិស្សនិស្សិត​ផ្នែកស្ថាបត្យកម្ម និងរចនាផ្នែក​ខាងក្នុង។

ពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងកម្ពុជា ឆ្នាំ​២០១៧ ចាប់ផ្ដើម​នៅថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ឆ្នាំ ២០១៧នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ  (DIECC) ក្នុងរាជធានីភ្នំពេញ។ ការចុះឈ្មោះចូលរួម គឺឥតគិតថ្លៃ ហើយពិព័រណ៍​នឹងនឹងបើកចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៧.៣០នាទីល្ងាច។ ដើម្បីចូលរួមពិព័រណ៍នេះ សូមចុះឈ្មោះជាមុន៕