(ភ្នំពេញ)៖ ឯកសារដ៏សំខាន់មួយដែលជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបែកធ្លាយនៅលើបណ្តាញ​ទំនាក់ទំនង​សង្គម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា អះអាងពីការទទួលបាន​ជោគជ័យដ៏​ធំធេង លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រហូតដល់ជាង៧០% និងដាក់ផែនការជំរុញការ​ពង្រីកសមាជិក​បក្សបន្ថែមទៀត ពង្រឹងសាមគ្គីភាព ដើម្បីបង្កើនសន្ទុះនៃការគាំទ្រ និងបន្តបាញ់ឆ្ពោះទៅថ្នាក់មូលដ្ឋាន សំដៅឈានឆ្ពោះទៅកាន់​ជ័យជម្នះរឹតតែធំធេងជាងនេះថែមទៀត​ សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ខាងមុខនេះ។

នៅក្នុងលិខិតបែកធ្លាយនោះ គណបក្សប្រជាជនកម្ពុជា បានធ្វើសេចក្តីណែនាំ ស្តីពីកិច្ចការជាអទិភាពមួយចំនួនចំពោះមុខ ក្រោយពីទទួលបានជោគជ័យដ៏ធំធេង ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាដោយប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ផ្នែកលើលទ្ធផលបឋមនៃ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ទទួលបានតំណែងជាមេឃុំ ចៅសង្កាត់សរុបចំនួនជាង១១៥០ ស្មើនឹងជាង៧០%លើឃុំសង្កាត់ សរុបទូទាំងប្រទេសចំនួន ១៦៤៦ឃុំសង្កាត់ និងទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ចំនួនប្រមាណ៦៥១២ អាសនៈ ស្មើនឹងប្រមាណ ៥៦,២៧% លើអាសនៈសរុបទូទាំងប្រទេសចំនួន ១១៥៧២។ បើគិតជាចំនួនសម្លេងឆ្នោត សរុបទូទាំងប្រទេស គណប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតប្រមាណជាង ៣,៥០០,០០០សម្លេង ស្មើនឹងប្រមាណ ៥១% នៃសន្លឹកឆ្នោតបានការសរុប»។

ឯកសារផ្ទៃក្នុងបែកធ្លាយនោះបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃជារួមអំពីលទ្ធផលបោះឆ្នោតឆ្នាំ២០១៧នេះ គឺជាជោគជ័យដ៏ធំធេង របស់គណបក្ស ដែលស្តែងឡើងតាមរយៈចំណុចមួយចំនួនដូចខាងនៅក្នុងសេចក្តីណែនាំដូចខាងក្រោម៖