(ភ្នំពេញ)៖ លោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតប្រទេសហ្វាំងឡង់ប្រចាំនៅកម្ពុជា ដែលទើបចូលកាន់តំណែង បានថ្លែងថា អ្នកវិនិយោគរបស់ហ្វាំងឡង់បានចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគលើវិស័យថាមពលនៅកម្ពុជា ជាពិសេសការប្រែក្លាយកាកសំណល់ទៅជាថាមពលអគ្គិសនី។
លោកស្រី Satu Suikkari-Kleven បានថ្លែងដូច្នេះក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ ជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ។
បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍ និងគាំទ្រជាខ្លាំង ចំពោះបំណងរបស់អ្នកវិនិយោគហ្វាំងឡង់ក្នុងការប្រែក្លាយ កាកសំណល់នៅកម្ពុជា ទៅជាថាមពលអគ្គិសនី។
លោកទេសរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគហ្វាំងឡង់ ឲ្យមកសិក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចបំណងនៃការវិនិយោគនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ជុំ សុន្ទរី។
លោកស្រី Satu Suikkari-Kleven ក៏បានបង្ហាញពីបំណងរបស់រដ្ឋាភិបាលប្រទេសហ្វាំងឡង់ ក្នុងការបង្កើនទំនាក់ទំនងធរុកិច្ចរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងការជំរុញអ្នកវិនិយោគហ្វាំងឡង់ ឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាផងដែរ។
ក្នុងជំនួបនាព្រឹកមិញនេះទាំងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Satu Suikkari-Kleven សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងបានសន្យាធ្វើឲ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរ។
លោក ប្រាក់ សុខុន និង លោកស្រី Satu Suikkari-Kleven ក៏បានពិភាក្សាជំរុញបង្កើតកុងស៊ុលរបស់ហ្វាំងឡង់ប្រចាំនៅរាជធានីភ្នំពេញ ឲ្យបានឆាប់រហ័សផងដែរ ដើម្បីពង្រីកទំនាក់ទំនងប្រទេសឲ្យកាន់តែល្អប្រសើរ ព្រោះថាបច្ចុប្បន្ននេះហ្វាំងឡង់ មិនទាន់មានស្ថានទូតនៅក្នុងរាជធានីភ្នំពេញនៅឡើយ គឺមានត្រឹមនិវេសនដ្ឋាននៅក្នុងប្រទេសថៃនៅឡើយ៕