(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានអះអាងថា សំណើរបស់គណបក្សប្រឆាំង ដែលចង់ឱ្យរដ្ឋសភា អនុម័តថវិកាបន្ថែម ៥០ម៉ឺនដុល្លារក្នុងមួយឃុំ ទៅតាមគោលនយោបាយរបស់ខ្លួននោះ ប្រហែលជាពិបាកបំផុត ដោយសារតែថវិកាទាំងនោះមានចំនួនច្រើនហួសហេតុ។

ការអះអាងរបស់ លោក ឈាង វុន បានធ្វើឡើង បន្ទាប់ពីមន្រ្តីគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានលើកឡើងថា គណបក្សសង្រ្គោះជាតិ នឹងធ្វើសំណើ ដើម្បីសុំទម្លាក់ថវិកាជាតិ ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីអភិវឌ្ឍឃុំ-សង្កាត់នៅទូទាំងប្រទេស។

ថ្លែងក្នុងសន្និសីទកាសែតមួយ នៅឯរដ្ឋសភា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា លោក ឈាង វុន បានគូសបញ្ជាក់ថា សំណើរបស់គណបក្សប្រឆាំងនេះ គឺលើកឡើងមិនចំពេលវេលាទេ ដោយអះអាងថា សំណើនេះ គួរត្រូវលើកឡើងនៅខែវិច្ឆិកា ដែលជាពេលរដ្ឋសភា ពិភាក្សា និងអនុម័តលើចំណាយថវិកាជាតិ ប៉ុន្តែទោះជាយ៉ាងណា លោកបញ្ជាក់ថា សំណើនេះគឺពិបាកនឹងអនុម័តណាស់ ដោយសារថវិការដ្ឋទាំងអស់ សុទ្ធតែបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ។

លោក ឈាង វុន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគ្រាន់តែចង់ជម្រាបថា យើងពិបាកហើយ លុយរាប់រយលានដែលត្រូវបន្ថែមនេះ គឺមិនមែនធ្លាក់ពីលើមេឃនោះទេ គឺជាញើសឈាមរបស់ប្រជាពលរដ្ឋ ដែលយើងបានយកពន្ធពីពួកគាត់មក រហូតដល់ពេលនេះគណបក្សប្រជាជនកម្ពុជា មិនដែលថា យកព័ន្ធកសិកម្មនោះទេ មិនដែលយកពន្ធពីកសិករទេ ដែលទាំងអស់នេះហើយ ដែលយើងពិបាករកប្រភពធនធានថ្មី»

ទោះជាយ៉ាងនេះក្តី លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអះអាងថា ការស្នើថវិកា៥០ម៉ឺនដុល្លារ ក្នុងមួយឃុំ គឺជាគោលនយោបាយថ្នាក់ជាតិរបស់គណបក្សសង្រ្គោះជាតិ សម្រាប់ការអភិវឌ្ឍឃុំ/សង្កាត់។ លោកថ្លែងថា គោលនយោបាយនេះ នឹងអាចអនុវត្តទៅបាន បើសិនជាមានការរួមបញ្ចូលគ្នានៅក្រសួងមួយចំនួន ដើម្បីសន្សំសំចៃថវិការដ្ឋ។
លោកបានថ្លែងថា ៖ «គោលនយោបាយ យើងបញ្ជាក់ច្បាស់ៗ គឺគោលនយោបាយថ្នាក់ជាតិ សម្រាប់ឃុំ/សង្កាត់ ពេលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្រ្គោះជាតិ។ យើងបានបញ្ជាក់ទៀតថា លុយនោះអាចបានមកពីណា គឺបានមកពីការសន្សំសំចៃ»

លោកបានបន្ថែមទៀតថា «ពាក្យថា ការសន្សំសំចៃនេះ តើគណៈរដ្ឋមន្រ្តីមានប៉ុន្មានក្រសួង គណបក្សសង្រ្គោះជាតិ មានគោលនយោបាយថា ក្រសួងខ្លះអាចរួមបញ្ចូលគ្នាបាន ដូច្នេះការសន្សំសំចៃថវិកា ដែលបានមកនោះ យើងនឹងទម្លាក់ដើម្បីយកទៅអភិវឌ្ឍភូមិ/ឃុំរបស់យើង»

គោលនយោបាយផ្តល់ថវិកា៥០ម៉ឺនដុល្លារក្នុងមួយឃុំ ត្រូវបានប្រកាសដោយ គណបក្សសង្រ្គោះជាតិ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដើម្បីទាក់ទាញសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ តាមគោលនយោបាយនេះ គឺរដ្ឋត្រូវការថវិកាប្រមាណជាង៨២៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីអភិវឌ្ឍតាមមូលដ្ឋាន។

សេដ្ឋវិទូ និងអ្នកស្រាវជ្រាវបញ្ហាសង្គមកម្ពុជា បានមើលឃើញដូចគ្នាថា នយោបាយផ្តល់ថវិកា៥០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍ឃុំ/សង្កាត់ របស់គណបក្សប្រឆាំងនេះ ជានយោបាយខុសឆ្គងធ្ងន់ធ្ងរមួយសម្រាប់ស្ថានភាព​សេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយមិនអាចអនុវត្តន៍ទៅរួចនោះឡើយ៕