(ភ្នំពេញ)៖ ពលករខ្មែរ០៣នាក់ទៀត ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជួយអន្តរាគមន៍មកស្រុកកំណើតវិញ ក្រោយពលករទាំងនោះ បានស្នើសុំឲ្យស្ថានទូតជួយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានចេញផ្សាយឲ្យដឹង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជា បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍ របស់ពលការិនីខ្មែរទី០៣នាក់ ទី១៖ ឈ្មោះ ច.ផ អាយុ ៣៤ឆ្នាំ មានស្រុកកំណើតមកពីខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី បានធ្វើដំណើរ តាមរថយន្តឆ្លងកាត់ព្រំដែនប្រទេសថៃទៅម៉ាឡេស៊ីដោយខុសច្បាប់ និងបានធ្វើការងារតាមផ្ទះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយចង់ត្រឡប់មកម្ពុជាវិញពលការិនីបានស្នើរសុំការសម្របសម្រួលពីស្ថានទូតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ បានត្រឡប់មកកម្ពុជាវិញ។
ទី២៖ ពលការិនី ស.ច.ធ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត ត្រូវបានមេខ្យល់នាំធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ និងបានធ្វើការងារតាមផ្ទះ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥។ ពលការិនីចប់អាណត្តិការងារ ចំនួន២ឆ្នាំ និងបានទទួលប្រាក់ខែគ្រប់ចំនួនពីនិយោជក។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីបានស្នើរសុំការសម្របសម្រួលពីស្ថានទូត នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧។
និងទី៣៖ ឈ្មោះ យ.ស អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ត្រូវបានមេខ្យល់នាំធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃ ទៅម៉ាឡេស៊ីដោយខុសច្បាប់ និងបានធ្វើការងារនៅហាងកាហ្វេ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧។ ដោយសារមានផ្ទៃពោះ និងចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីបានស្នើសុំការសម្របសម្រួលពីស្ថានទូតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
ស្ថានទូតបានរៀបចំាកន្លែងស្នាក់នៅ និងអាហារបរិភោគ ព្រមទាំងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនពលការិនីខ្មែរទាំង០៣នាក់ហើយពួកគេនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង០៧៖៣៥នាទី តាមជើងហោះហើរ AK536៕