(ភ្នំពេញ)៖ ការបង្កើតក្រមបរិស្ថាននាពេលនេះ គឺជាឱកាសមាសសម្រាប់កម្ពុជា ខណៈដែលប្រទេសនានាក្នុងចំណោមប្រទេសអាស៊ាន នៅពុំទាន់មានក្រមបរិស្ថាននេះនៅឡើយ។ នេះគឺជាការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។
ការថ្លែងរបស់លោករដ្ឋមន្ត្រី គឺធ្វើឡើងក្នុងពេលដែលក្រសួងបរិស្ថាន បានបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៤ ស្តីពីសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
លោក សាយ សំអាល់ បានសង្កត់ធ្ងន់ថា៖ «តើយើងត្រូវធ្វើឱ្យធនធានធម្មជាតិរបស់ដូនតាយើងរលាយក្នុងដៃយើង ឬក៏យ៉ាងណា? ដូចនេះ ការបង្កើតក្រមបរិស្ថាននេះ គឺដើម្បីថែរក្សាធនធានធម្មជាតិរបស់យើងដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ»។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រមបរិស្ថាននេះគឺដើម្បីថែរក្សាសុខដុមរមនារបស់ពលរដ្ឋកម្ពុជា ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពជាដើម។ មិនត្រឹមតែប៉ុណ្ណោះច្បាប់នេះ មានទិសដៅជំរុញទៅដល់គ្រប់ស្ថាប័នទាំងអស់ឱ្យចូលរួមក្នុងការថែរក្សាបរិស្ថាន និងការលើក កម្ពស់ការយល់ដឹងស្តីពីបញ្ហាបរិស្ថាន។ សម្រាប់កម្ពុជា ក្រមបរិស្ថានដែលកំពុងធ្វើនេះបានវិវឌ្ឍមកដល់សេចក្តីព្រាងលើកទី៨ហើយ តាំងពីការចាប់ផ្តើម បង្កើតតាំងពីឆ្នាំ២០១៦មក។
ក្រមបរិស្ថានេះគឺការផ្តួចផ្តើមគំនិតរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រង និងថែរក្សាធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងចិរភាព។ ក្រមបរិស្ថាន នឹងមានកម្រាស់ជាង៤០០ទំព័រ ១១គន្ថី និង៤០មាតិកាដែលជាក្រមដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសក្នុងតំបន់អាស៊ាន។ គោលការណ៍នៃក្រមបរិស្ថាននេះមានចំនួន១៦ ក្នុងនោះមានគោលការណ៍នៃការយល់ព្រមជាមុន ដោយសេរី និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ គោលការណ៍អ្នកបំពុលត្រូវទទួលលើតម្លៃនៃការបំពុល គោលការណ៍សមធម៌រវាងជំនាន់បច្ចុប្បន្ន និងអនាគត គោលការណ៍ប្រុងប្រយ័ត្នជាងមុន និងគោលការណ៍ នៃការធ្វើការសម្រេចចិត្តដោយផ្អែកលើភស្តុតាងជាដើម៕