(សៀមរាប)៖ មនុស្សចំនួន១៣នាក់ ក្នុងនោះស្រី២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាល ការិយាល័យតម្រួតអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកប្រតិបត្តិការបង្រ្កាប និងចាប់ឃាត់ខ្លួន ពីបទលេងល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងទាំងនេះ គោលបំណងដើម្បីស្វែកសុវត្ថិភាពជូន ប្រជាពលរដ្ឋ និងក្រុមភ្ញៀវទេសចរនៅក្នុងទីរួមខេត្តតែម្តង។
ស្នងការនគរបាលខេត្តសៀមរាបលោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧នេះថា កម្លាំងនគរបាលរបស់លោក បានពួនស្ទាក់ និងចូលទៅបង្រ្កាបកន្លែងបនល្បែងស៊ីសងខុសច្បាប់នេះ នៅម៉ោង១២ថ្ងៃត្រង់ម្សិលមិញ ដោយឃាត់ខ្លួន បានចំនួន១៣នាក់ ក្នុងនោះស្រី២នាក់ ព្រមទាំងដកហូតម៉ូតូចំនួន១៤គ្រឿង មេអាបោង៣គ្រាប់ ចានអាប៉ោង១ គម្របចាន១ និងបៀរ២ហ៊ូផងដែរ។
បើតាមលោកស្នងការ សម្រាប់ម្ចាស់ដែលផ្តល់ទីតាំងឲ្យលេងល្បែងស៊ីសងរួមទាំងមេអាប៉ោងមានគ្នា៣នាក់រួមមាន៖ ទី១-ឈ្មោះ ស្រង រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិមណ្ឌល៣ (ម្ចាស់ទីតាំង) ទី២-ឈ្មោះ សុខ ម៉ឹង ហៅប៉ាវឬវី ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ (មេអាប៉ោង)
និងទី៣-ឈ្មោះ ហ៊ត់ បូ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិគោកបេង សង្កាត់គោកចក (មេអាប៉ោង)។
លោកស្នងការ បានបន្តទៀតថា ជនសង្ស័យទាំង៣នាក់ ត្រូវបានមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការ ខណៈមនុស្ស១០នាក់ទៀត ត្រូវបានឲ្យធ្វើកិច្ចសន្យាអប់រំណែនាំបន្ត។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «យើងនឹងបង្ក្រាបគ្រប់ល្បែង គ្រប់បទល្មើស មិនថាបទល្មើសអ្វី ឲ្យតែខុសច្បាប់ដើម្បីសន្តិសុខ សុវត្ថិភាពខេត្តទេសចរណ៍យើង»៕