(ភ្នំពេញ)៖ នៅថ្ងៃទី ៥​ ខែមិថុនា​ ឆ្នាំ២០១៧ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៣១,៩២០ដុល្លារ (បីម៉ឺនមួយពាន់ប្រាំបួនរយម្ភៃដុល្លារអាមេរិក)​ ជាជំហានទី​១ ដើម្បីខួងអណ្តូងទឹកស្អាតចំនួន១៩ ជូនដល់ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣២៣គ្រួសារ ស្មើនឹងមនុស្ស ១,៦១៥នាក់ រស់នៅតំបន់ថ្មបាយក្រៀម ស្ថិតក្នុងភូមិចំនួន៩ ឃុំចំនួន៥ ក្នុងស្រុកអង្គរជ័យ​ ស្រុកបន្ទាយមាស​ និងស្រុកដងទង់ នៃខេត្តកំពត។

សូមបញ្ជាក់ថា ក្នុងរយៈពេល​៥ខែ​ ដើមឆ្នាំ២០១៧​នេះ​ នៅទូទាំងប្រទេសកម្ពុជា​ កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងចំនួន​២៣៦​ និងស្រះទឹកចំនួន​៤​ រួចមកហើយ។​ ដោយឡែក​ សម្រាប់ខេត្តកំពត​ ពីឆ្នាំ២០១០​ ដល់ឆ្នាំ២០១៣ ទទួលបានអណ្តូងចំនួន​៦៦​ និងឆ្នាំ២០១៦​ កន្លងទៅនេះ ទទួលបានចំនួន១អណ្តូង​ រួចមកហើយ​៕