(ភ្នំពេញ)៖ កាន់តែច្បាស់ហើយថា បក្សប្រឆាំងបានបំភ័ន្តប្រជាពលរដ្ឋលើកម្មវិធីនយោបាយអភិវឌ្ឍឃុំសង្កាត់របស់ខ្លួន ហើយក៏កំពុងភ័យស្លន់ស្លោរដែរថា មិនដឹងត្រូវដោះស្រាយយ៉ាងណាដើម្បីទប់ចលនាតវ៉ាជាយថាហេតុនាពេលខាងមុខ ពេលដែលប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់ ដែលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតគ្រប់គ្រងឃុំសង្កាត់នេះ ទាមទារឱ្យទម្លាក់កញ្ចប់ថវិកា ៥០ម៉ឺនដុល្លារ ពីកឹម សុខា ឬពីមេឃុំចៅសង្កាត់បក្សសង្គ្រោះជាតិ ដូចបានសន្យាក្នុង ខិត្តបណ្ណឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្មីៗនេះរបស់បក្សនេះ។  

ដោយសារតែឃោសនាបោកប្រាស់ជ្រុលខ្លួន និងមិនដឹងត្រូវដោះស្រាយយ៉ាងម៉េច បើឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ មិនបង្ហាញពីគោលនយោបាយ អភិវឌ្ឍឃុំសង្កាត់ បែរជាយកគោលនយោបាយសម្រាប់ ការឃោសនាបោះឆ្នោតជាតិមកបំភ័ន្តរាស្ត្រទៅវិញ។ ឥឡូវនេះរាស្ត្រម្ចាស់ឆ្នោតចាប់ផ្តើមខឹងសម្បារ ខ្លះអន់ចិត្ត ខ្លះលួចជេរក្នុងចិត្ត ខ្លះថាពួកប្រឆាំងនេះចេះតែកុហក និងថាបោក គឺបោកពិតមែន។ ដល់ពេលចរន្តនៃការទាមទារកញ្ចប់ថវិកាតាមការសន្យានេះ ផុសផុលឡើង បក្សប្រឆាំងពិតជាបុកពោះ មិនដឹងរត់ទៅច្រកណាឡើយ ហេតុដូច្នេះហើយបានជាមេបក្សប្រឆាំង កឹម សុខា នៅមិនសុខឡើយ ហើយបានចាប់ផ្តើមចេញមុខដើរឃោសនាឡើងវិញថាថវិកា ៥០ម៉ឺនដុល្លារនោះ មិនមែនបាននៅឆ្នាំនេះទេ គឺរង់ចាំគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតសិន។

សិនទៀតហើយមេបក្ស២យប់ ១០ដង! មិនដឹងពេលណា បានធ្លាក់កញ្ចប់សន្យាហ្នឹងមកទេ ឃើញតែដើរបោករាស្ត្រពេញនគរ។ ប្រជាពលរដ្ឋអ្នកបោះឆ្នោត ឱ្យបក្សប្រឆាំង និងសកម្មជនបក្សនេះ ហើយជាពិសេសសមាជិកក្រុមប្រឹក្សាបក្សនេះកំពុងតែអន់ចិត្តហេតុអ្វីមេ និងមន្ត្រីបក្សនេះពូកែបោកម្ល៉េះ?

នៅខេត្តកណ្តាលព្រឹកថ្ងៃទី៦ ខែមិថុនានេះ មេបក្សប្រឆាំងមុខក្រាស់ កឹម សុខា បានប្រាប់ពលរដ្ឋថា លុយ៥០ម៉ឺនដុល្លារ និងប្រាក់៤ម៉ឺន រៀលមិនទាន់បានទេ ចាំបក្សសង្គ្រោះជាតិឈ្នះសិន។ នេះពិតជាសន្យាខ្យល់ ធ្វើ នយោបាយបោកប្រាសប្រជាពលរដ្ឋខ្លួនឯងពិតប្រាកដមែន! ចំណែក យឹម សុវណ្ណ ដែលបានស្រែកឃោសនាឡូងៗថា បោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ នឹងទទួលបានកញ្ចប់ថវិកា៥០ម៉ឺនដុល្លារដើម្បី អភិវឌ្ឍឃុំសង្កាត់ បានឆ្លើយយករួចខ្លួនថា ថវិកានេះខ្លួនមិនមានទេ។ ចប់មែនទែនហើយ! នេះពិតជាអ្នកនយោបាយបោកប្រាសអាជីពតែម្តង។

ចុះបើមិនខ្មេះទេ ហេតុអ្វីបក្សប្រឆាំងនាំគ្នាស្រែកកុហករាស្ត្រ? ក្រុមមន្ត្រីបក្សប្រឆាំងមួយចំនួនចេះធ្វើនយោបាយ ប៉ុន្តែគ្មានសីលធម៌នយោបាយ និងគុណធម៌។   បក្សប្រឆាំងត្រូវបានគេដឹងថាមិនបានចូលរួមក្នុងការកសាងសមិទ្ធផលអ្វីឡើយ ក្រៅពីធ្វើនយោបាយបោកប្រាស់រាស្ត្រ ដុតបញ្ឆេះកំហឹងរាស្ត្របង្កើតឱ្យមានការ​ ស្អប់ខ្ពើមក្នុងសង្គម រើសអើងប្រកាន់ពូជសាសន៍ និងជម្លោះវណ្ណៈសង្គម ក៏ព្រោះតែដើម្បីអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួន។

បក្សប្រឆាំង បានប្រើយុទ្ធសាស្ត្រភូតកុហករាស្ត្រឯងឡើងវិលក្បុង។ ម្តងថាបានលុយ៤០០០០រៀល ម្តងសន្យាកញ្ចប់ ៥០ម៉ឺនថា បានពេលឃុំណាឈ្នះ ហើយឥឡូវចាប់ផ្តើមផ្ទេរការសន្យាខ្យល់នេះ ទៅពេលក្រោយ ពេលឈ្នះការបោះឆ្នោតវិញទៀត។ នេះពិតជាអ្នកកុហកអាជីពមែន សុំសរសើរៗ! កុហកនេះដូច ករណីបង្កើតទូរទស្សន៍ទូរទស្សន៍ព្រះអាទិត្យហើយ។ បក្សប្រឆាំង កឹម  សុខា, យឹម សុវណ្ណ, អេង ឆៃអ៊ាង សន្យាពីចុងឆ្នាំដល់ដើមឆ្នាំ ឥឡូវនេះជាងបីឆ្នាំហើយ បាត់ដំណឹងថវិកាប្រមាណជាង៧សែនដុល្លារអាមេរិក ដែលរៃអង្គាពីប្រជាពលរដ្ឋបាត់ដំណឹងសូន្យឈឹង។ ចំណែករាស្ត្រដែលរង់ចាំមើលទូរទស្សន៍ព្រះអាទិត្យ ក៏រង់ចាំឡើងផ្សារភ្នែកថែមទៅទៀត។

គិតលេងៗថា ដើម្បីទប់ស្កាត់ការឃោសនានយោបាយបោកប្រាសរបៀបដូចបក្សប្រឆាំងនៅកម្ពុជានេះ តើកម្ពុជាគួរមានច្បាប់មួយដើម្បីទប់ស្កាត់ ការឃោសនានយោបាយសន្យាបោកប្រាស់រាស្ត្រដែលការសន្យានោះហួសហេតុ មិនអាចធ្វើបានដែរឬទេ?

ព្រោះដើម្បីកុំឱ្យមានភាពចលាចលកើតចេញពីការតវ៉ាជាយថាហេតុ និងធ្វើឱ្យរាស្ត្រលង់ក្នុងការភូតកុហកបោកប្រាស់ គ្មានភាពប្រាកដនិយម និងធ្វើឱ្យអ្នកបោះឆ្នោតមានតែការភូតកុហក ការសម្រេចចិត្ត មិនត្រឹមត្រូវដោយឈរលើការបំភ្លៃ បំផ្លើស បំប៉ោង បំភ័ន្ត ដែលអាចធ្វើឱ្យអន្តរាយដល់ជាតិ និងប្រជាជន។ ទោះយ៉ាងណា យើងបានឃើញហើយថា ការសន្យាបែបបោកប្រាស់របស់បក្សប្រឆាំងនេះមិនអាចទទួលបានជ័យជម្នះ ក្នុងគ្រប់ការបោះឆ្នោតទាំងអស់ ព្រោះរាស្ត្រភាគច្រើនបានដឹងពីកលល្បិចនៃការឃោសនានយោបាយ បោកប្រាស់របស់ក្រុមបក្សប្រឆាំងអស់ហើយ៕

ដោយ៖ ចៅចាក់ស្មុក