(ភ្នំពេញ)៖ លោក មីតស៊ូហ៊ីរ៉ូ ហ៊្វូរ៉ុសាវ៉ា (Mitsuhiro Furusawa) អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា ដែលរក្សាបានស្ថេរភាពនយោបាយនាំឲ្យ មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងធ្វើឲ្យមានកំណើនសេដ្ឋ កិច្ចយ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការថ្លែងកោតសរសើររបស់លោក ហ៊្វូរ៉ុសាវ៉ា បានធ្វើឡើងក្នុងពេលដែលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាល ការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅវិមានសន្តិភាពនារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក ហ៊្វូរ៉ុសាវ៉ា បានថ្លែងសន្យាផងដែរថា IMF នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយក៏នឹងបន្តជួយកម្ពុជាឲ្យ កាន់តែរីកចម្រើនថែមទៀតផងដែរ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ IMF ដែលបានលុបចោលនូវបំណុលរបស់កម្ពុជា ដោយបង្វែទៅជួយដល់ប្រព័ន្ធស្រោចស្រប សម្រាប់វិស័យកសិកម្មកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានទុកការសម្រេចរបស់ IMF ជាការជួយជំរុញ កំណើនសេដ្ឋកិច្ច និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងជំនួបនៅរសៀលថ្ងៃនេះអនុប្រធាន IMF ក៏បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅកម្ពុជាផងដែរ៕