(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ រវាងក្រសួងសុខាភិបាលកម្ពុជា ដែលដឹកនាំដោយ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង និងលោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ(Roman Paramonov) ប្រធានបេសកម្មថ្មី គណៈកម្មាធិការអន្ដរជាតិ នៃកាកបាទក្រហម (ICRC)ប្រចាំក្រុងភ្នំពេញ នៅថ្ងៃទី០៧ ខែមិថុនានេះ ក្រសួងបាន ជំរុញឲ្យ ICRC ជួយបន្ថែមទៀត ទៅលើការពង្រឹងសមត្ថភាព ដល់មន្ដ្រីពាក់ព័ន្ធជាតិ និងអន្ដរជាតិ ដែលត្រូវបំពេញភារៈកិច្ច ឬពិនិត្យព្យាបាលសុខភាពដោយគិតថ្លៃ ជូនដល់ពិរុន្ធជន នៅកម្ពុជាបន្ថែមទៀត។
ការថ្លែងជំរុញរបស់ក្រសួងបែបនេះ ក្នុងឱកាស ICRC ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង នាទីស្ដីការ ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់ ICRC ដែលបានជួបគាំទ្រ ពិនិត្យ និងព្យាបាលសុខភាព ដល់ពិរុទ្ធជន ដោយឥតគិតថ្លៃ ទៅលើគ្រប់មុខជំងឺទាំងអស់ កន្លងមក រួមទាំងព្យាបាលជំងឺដោយចលនាផងដែរ ជាមួយនឹងកម្មវិធីអប់រំផ្សេងៗទៀត។
ព្រមជាមួយគ្នានោះ លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ ក៏បានថ្លែងថា អំណរគុណ និងកោតសរសើរ ដល់ក្រសួងសុខាភិបាល ជួយគាំទ្រទៅលើកម្មវិធីពិនិត្យ និងព្យាបាលសុខភាព ដល់ពិរុន្ធជន ដោយគិតថ្លៃគ្រប់មុខ
និងលើផ្នែកផ្សេងៗទៀត និងវិស័យសុខាភិបាលទូទៅ ឲ្យបានកាន់តែល្អជាលំដាប់ ហើយ ICRC នឹងបន្ដជួយគាំទ្រ លើវិស័យសុខាភិបាលមួយនេះ ជូនប្រជាពលរដ្ឋកម្ពុជា។
ទន្ទឹមនឹងនោះភាគីទាំងពីរ ក៏បានចែករំលែក នូវបទពិសោធន៍នានា ដើម្បីជួយលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា កាន់តែប្រសើរបន្ថែមទៀត តទៅថ្ងៃអនាគត ៕