(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ បានចាត់ទុកថា ប្រជានេសាទ គឺជាភ្នាក់ងារ និងជាសមត្ថកិច្ចជំនាញ ក្នុងការចូលរួមថែរក្សា ការពារ និងបង្ក្រាបនូវរាល់បទល្មើស នៅក្នុងមូលដ្ឋានរបស់ខ្លួន និងចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
លោក ម៉ៅ ធនិន បានលើកឡើងបែបនេះ ក្នុងឱកាសផ្តើមជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ត្រូវបានបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ ដោយបានការចូលរួមពី លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សមាជិកសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អាជ្ញាធរខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានថ្លែងថា បងប្អូនប្រជានេសាទយើង សូមកុំពឹងផ្នែកទាំងស្រុង ទៅលើកងកម្លាំងមានសមត្ថកិច្ច ព្រោះកម្លាំងនេះមិនអាច គ្រប់គ្រងបានទាំងស្រុងនោះទេ គឺមានតែប្រជានេសាទនេះហើយ ត្រូវចូលរួមសហការ ថែរក្សា និងការពារការពារនៅថ្នាក់មូលដ្ឋាន ទើបអាចកាត់បន្ថយបទល្មើស។
លោកបានរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ អំពីស្ថានភាព និងជីវភាពរបស់បងប្អូនប្រជានេសាទ ដោយបានដាក់ចេញនូវគោលការណ៍ និងកាត់ដែនឡូតិ៍នេសាទជាច្រើន សម្រាប់ឱ្យបងប្អូនប្រជានេសាទ ប្រកបមុខរបរជាលក្ខណៈគ្រួសារ គឺទុកតែដែនឡូតិ៍អភិរក្សប៉ុណ្ណោះ។
ក្រៅពីមន្ត្រីជំនាញ មានតែបងប្អូនប្រជានេសាទទេដែលអាចថែរក្សា និងការពារទិន្នផលត្រីរបស់យើងឲ្យកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនទូទាំងប្រទេសយើងបាន។ លោកបានលើកឡើងថា ត្រូវពិន័យ ឬផ្តន្ទាទោសទៅតាមច្បាប់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីជំនាញណា ដែលជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ព្រមទាំងឲ្យប្រជានេសាទចូលរួមចំណែក ក្នុងការផ្តល់ព័ត៌មានគ្រប់មុខសញ្ញា ឲ្យបានទាន់ពេលវេលា នោះបទល្មើសពិតជាថយចុះជាមិនខានឡើយ។
លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវគោលការណ៍ លុបបំបាត់ការយកភាស៊ីចំណតការណូត ទូក និងសាងសង់ផ្លូវប្រវែង៧គីឡូម៉ែត្រ ចូលទៅកាន់ឃុំកំពង់លួង ព្រមទាំងសិក្សាគម្រោងទំនប់រលក ដែលជាសំណូមពររបស់បងប្អូនប្រជានេសាទនៅតំបន់នោះ។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានដឹកនាំប្រតិភូបន្តចុះពិនិត្យទិន្ឋផលត្រី ក្នុងឡូតិ៍អភិរក្សលេខ៦ ត្រង់ចំណុចកោះក្អែក ព្រមទាំងបានសំណូមពរឱ្យមន្ត្រីជំនាញ ខិតខំថែរក្សា ការពារ ឡូតិ៍អភិរក្សនេះឲ្យបានគង់វង្សផងដែរ៕