(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺដែលជាទីតាំងឈរជើងរបស់លោក ឆាយ ថន និងលោក ហ៊ុន ម៉ានី ជាតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា និងក្រុមការងារ បានកើនឡើងសំឡេងឆ្នោត រហូតដល់ជាង៦.៣ម៉ឺនសំឡេង សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧នេះ រីឯគណបក្សសង្គ្រោះជាតិបានថយចុះសំឡេងគាំទ្រ រហូតដល់ជាង១.៤ម៉ឺនសំឡេង។ ដូច្នេះគណបក្សប្រជាជន បានឈ្នះគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតលើកនេះ មានរហូតដល់ជាង៧ម៉ឺនសំឡេងឯណោះ។
សម្រាប់ខេត្តកំពង់ស្ពឺ ការបោះឆ្នោតនៅឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជា បានទទួលដំណែងជាមេឃុំចៅសង្កាត់ រហូតដល់៧៨ឃុំ-សង្កាត់ រីឯគណបក្សសង្គ្រោះជាតិ ទទួលបានដំណែងជាមេឃុំចៅសង្កាត់ ត្រឹមតែ៩ប៉ុណ្ណោះ។
យោងតាមលទ្ធផលបឋមក្រៅផ្លូវការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា
* ការបោះឆ្នោតឆ្នាំ២០១៧នេះ សម្រាប់ខេត្តកំពង់ស្ពឺ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្ររហូតដល់ ២៤៣,២៦០សំឡេង ពោលមានការកើនឡើងរហូតទៅដល់ ៦៣,១៦១សំឡេង បើប្រៀបធៀបការបោះឆ្នោត កាលពីឆ្នាំ២០១៣។
* គណបក្សសង្គ្រោះជាតិវិញ បានបាត់បង់សំឡេងគាំទ្រ ពោលការបោះឆ្នោតលើកនេះទទួលបាន ១៧២,៨៤៥សំឡេង គឺមានការថយចុះចំនួន ១៤,០២២សំឡេង បើប្រៀបធៀបការបោះឆ្នោតចេញដោយ គ.ជ.ប កាលពីឆ្នាំ២០១៣ ដែលទទួលបាន១៨៦,៨៦៧សំឡេង។
* លទ្ធផលខាងលើនេះបានផ្ទៀងផ្ទាត់ទៀតថា ការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ចាញ់សំឡេងគាំទ្រ គណបក្សសង្គ្រោះជាតិត្រឹមតែ ៦,៧៦៨សំឡេង ប៉ុន្ដែការបោះឆ្នោតលើកនេះគណបក្សប្រជាជនកម្ពុជា បែរជាឈ្នះគណបក្សសង្គ្រោះជាតិរហូតដល់ ៧០,៤១៥សំឡេង គឺមានចំនួនកើនឡើងយ៉ាងខ្លាំងតែម្ដង។
សូមជំរាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបញ្ចប់ទៅក្នុងស្ថានភាពបរិយាកាសល្អប្រសើរ មានការទទួលស្គាល់ពីប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ ជាតិ និងអន្ដរជាតិនោះ ជាលទ្ធផលប្រជាពលរដ្ឋចំនួន ៧,០៤០,៥៩៤នាក់ ស្នើនឹង៨៩.៥២ភាគរយ ក្នុងចំណោមប្រជាជន ដែលបានចុះឈ្មោះបោះឆ្នោត ចំនួន៧,៥៦៥,០៣៣នាក់ បានអញ្ជើញ ទៅបោះឆ្នោត៕