(សេអ៊ូល)៖ មន្ត្រីនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae បាននិយាយថា សកម្មភាពនៃការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ដែលជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលអាណត្តិមុនរបស់កូរ៉េខាងត្បូង ជាមួយនឹងសហរដ្ឋអាមេរិកនោះ គួរតែត្រូវធ្វើការពន្យាពេលសិនចាប់ពីឥឡូវនេះទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ នាល្ងាចថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
លោក Cheong បានសង្កត់ធ្ងន់ប្រាប់សារព័ត៌មាននានានៅថ្ងៃពុធនេះថា «យើងមិនមែនតម្រូវឲ្យប្រព័ន្ធជើងទម្រ និងឧបករណ៍ដែលត្រូវបានបំពាក់រួចហើយមួយចំនួននោះ ធ្វើការដកចេញនោះទេ។ ប៉ុន្តែសម្រាប់ឧបករណ៍ផ្សេងទៀត ដែលគ្រោងនឹងត្រូវធ្វើការដាក់ពង្រាយ គួរតែត្រូវផ្អាកជាបណ្តោះអាសន្ន»។ ការធ្វើបែបនេះត្រូវបានសារព័ត៌មាននានាចុះផ្សាយថា ដោយសារតែរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នៅមានរឿងលាក់បាំងមួយចំនួននឹងរដ្ឋាភិបាលអាណត្តិថ្មី ជុំវិញប្រព័ន្ធ THAAD ដ៏ចម្រូងចម្រាសនេះ។
គួរបញ្ជាក់ថា មានការស៊ើបអង្កេតមួយកំពុងតែត្រូវបានធ្វើឡើង ដោយក្នុងនោះរួមមានទាំងការចោទប្រកាន់មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងម្នាក់ថា បានលាក់លាមចំពោះការលួចនាំចូលជើងទម្រមីស៊ីល THAAD ចំនួនបួនគ្រឿងទៀតពីអាមេរិក ដោយសារតែមិនចង់ឲ្យមានការរិះគន់ខ្លាំងឡើង ព្រមទាំងការចោទប្រកាន់ថា វានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ ជុំវិញបញ្ហានេះដែរ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានចេញបញ្ជាឲ្យក្រសួងការពារជាតិ ធ្វើការបំពាក់គ្រឿងការពារបរិស្ថានឲ្យបានពេញលេញ ចំពោះ THAAD ដែលត្រូវបានដាក់ពង្រាយរួចមកហើយ៕