(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសកម្មជនសហជីពមូលដ្ឋានចំនួន ១០នាក់ នៃសម្ព័ន្ធសហជីពជាតិចលនាកម្មករ ត្រូវបាននាយករោចក្រកាត់ដេរ សៅលែន ខេមបូឌា ខូអិលធីឌី ហៅរោងចក្រ៦ជាន់ ស្ថិតនៅតាមផ្លូវវេងស្រេង ព្យួរការងារអស់ជាយូរថ្ងៃមកហើយ ដោយចោទថា បានញុះញង់ឲ្យកម្មករនិយោជិត តវ៉ាស្នើសុំបន្ថែមថ្ងៃឈប់សម្រាក ដើម្បីបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងទៅ។
បើតាមសេចក្ដីថ្លែងការរបស់ សម្ព័ន្ធសហជីពជាតិចលនាកម្មករ បានបញ្ជាក់ថា ការស្នើសុំបន្ថែមថ្ងៃឈប់សម្រាកក្នុងរោងចក្រនេះ បានធ្វើឡើងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ គឺដើម្បីបង្កលក្ខណៈឲ្យកម្មករមានពេលវេលាសមស្រប ក្នុងការទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុកកំណើតរបស់ពួកគេ។
ដោយសារសកម្មភាពនេះហើយ ទើបនាយករោងចក្រ៦ជាន់ បានសម្រចព្យួរការងារមេសហជីពមូលដ្ឋានទាំង ១០នាក់នេះតែម្ដង ដែលប្រការនេះ ត្រូវបានសម្ព័ន្ធសហជីពជាតិចលនាកម្មករ យល់ឃើញថា ជាការរើសអើង និងប៉ុនប៉ងរំលាយសហជីពឯករាជ្យ ពីសំណាក់ភាគីក្រុមហ៊ុន និងបានរំលោភទៅលើច្បាប់ការងារ និងអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ទាំងស្រុង។
សម្ព័ន្ធសហជីពជាតិចលនាកម្មករ បានស្នើសុំឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ រួមទាំងអ្នកបញ្ជាទិញ ជួយអន្តរាគមន៍ឲ្យនាយកក្រុមហ៊ុន ទទួលបានយកតំណាងសហជីពទាំង ១០នាក់នេះ ឲ្យចូលធ្វើការងារជាធម្មតាវិញ ហើយដាក់សម្ពាធទៅលើក្រុមហ៊ុនឲ្យបញ្ឈប់ជាបន្ទាន់ នូវការរើសអើងសេរីភាពសហជីពតាមគ្រប់រូបភាព។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់សម្ព័ន្ធសហជីពជាតិចលនាកម្មករ៖