(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានរំពឹងពីជំហររឹងមាំ នៃការទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧ភាគរយ ក្នុងឆ្នាំ២០១៧ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ដោយអត្រាអតិផរណាមានកម្រិតទាបជាង៥% និងស្ថិរភាព តម្លៃប្រាក់រៀល។
ការរំពឹងរបស់លោកទេសាភិបាលនេះធ្វើឡើង ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ជា ចាន់តូ និងលោក Mitsuhiro Furusawa អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាសដែលលោកបានមកបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៦-៩មិថុនា ដើម្បីស្វែងយល់ពីការវិវឌ្ឍរីកចម្រើនវិស័យសេដ្ឋកិច្ចកម្ពុជារួមទាំងវិស័យ ធនាគារ។
លោក ជា ចាន់តូ បានប្រាប់ពីការរីកចំរើនលើវិស័យសេដ្ឋកិច្ចកម្ពុជា ជាច្រើនទៅដល់តំណាងជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុ អន្តរជាតិ រូបនេះ រួមមានការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យធនាគារនាពេលបច្ចុប្បន្ន បានដើរតួនាទីជាអន្តរការី ហិរញ្ញវត្ថុយ៉ាងសំខាន់ និងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា បានចាប់ផ្ដើម ពីដើមទសវត្សរ៍ ឆ្នាំ២០០០ ក្រោយពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងដែលបានអូសបន្លាយប្រមាណ៣០ឆ្នាំ។
លោកបានបន្ដទៀតថា ក្នុងក្របខ័ណ្ឌច្បាប់និងបទប្បញ្ញត្តិក្នុងវិស័យធនាគារត្រូវបានពង្រឹង ជាលំដាប់ស្របតាម ស្ថានភាព រីកចម្រើននិង ស្តង់ដារអន្តរជាតិ។ កត្តាទាំងនេះហើយបានធ្វើឲ្យកម្ពុជាសម្រេច បានអត្រាកំណើនសេដ្ឋកិច្ច ខ្ពស់រឹងមាំនៅ រយៈពេលជាងពីរទសវត្សរ៍ ចុងក្រោយនេះ ដោយឡែកសម្រាប់ឆ្នាំ២០១៧ នេះ កម្ពុជារំពឹងថានឹងទទួលបានកំណើន សេដ្ឋកិច្ចរឹងមាំក្នុងអត្រា៧% ជាមួយនឹងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរដោយអត្រាអតិផរណាមានកម្រិតទាបជាង ៥% និងស្ថិរភាពតម្លៃប្រាក់រៀល។
ជាមួយនឹងការរីកចម្រើននេះលោកទេសាភិបាល ក៏បានថ្លែងអំណរគុណចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលតែងតែ គាំទ្រនិងផ្តល់ជំនួយ បច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ជាពិសេស ការអភិវឌ្ឍធនធាន មនុស្ស ការជួយពិនិត្យតាមដានស្ថាន ភាពម៉ាក្រូសេដ្ឋកិច្ចនិងផ្តល់អនុសាសន៍សំខាន់ៗ នាពេលកន្លងមក។
លោក Furusawa បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរឹងមាំនៃវិស័យធនាគារ និងគាំទ្រការដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុដោយបានពង្រឹងគុណភាពឥណទាន ដើមទុននិងសន្ទនីយភាព វិស័យធនាគារ៕